អាមេរិក៖ មហាសេដ្ឋីប្រាក់ប៊ីលាន លោក Jeff Bezos បានធ្វើដំណើររយៈពេលខ្លី ទៅកាន់ទីអវកាស ក្នុងការហោះហើរដឹកមនុស្សជាលើកដំបូង នៃនាវារ៉ុក្កែតរបស់គាត់ គឺ New Shepard។ គាត់ត្រូវបានរួមដំណើរដោយ លោក Mark Bezos ជាបងប្រុសរបស់គាត់ លោកយាយ Wally Funk អាយុ៨២ឆ្នាំ និងយុវជនម្នាក់អាយុ១៨ឆ្នាំ ដែលជានិស្សិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគាត់បានធ្វើដំណើរតាមយានរាងដូចក្បាលគ្រាប់ ដែលមានបង្អួចធំបំផុត ដោយផ្ដល់នូវទេសភាពដ៏អស្ចារ្យនៃផែនដី ពីការហោះហើរក្នុងលំហ។ នៅពេលយាននេះបានត្រឡប់មកវិញ បន្ទាប់ពីការហោះហើរ១០នាទីនិង១០វិនាទី លោក Jeff Bezos បានលាន់មាត់ថា៖ «ថ្ងៃល្អបំផុតមិនធ្លាប់មាន!»។ រ៉ុក្កែត New Shepard បង្កើតឡើងដោយក្រុមហ៊ុន Blue Origin របស់លោក Bezos ត្រូវបានរចនាឡើង ដើម្បីបម្រើដល់ទីផ្សារ ដែលកំពុងរីកដុះដាលសម្រាប់វិស័យទេសចរណ៍នៅក្នុងលំហ។
ស្ថាបនិកក្រុមហ៊ុន Amazon លោក Bezos និងអ្នកចូលរួមដទៃទៀត នៅក្នុងការប្រកួតប្រជែងមហាសេដ្ឋីផ្នែកអវកាស ត្រូវបានអ្នករិះគន់មើលឃើញថា ជាការធ្វើដំណើរកម្សាន្ត សម្រាប់អ្នកមានបំផុត។ ក្រុមអ្នករិះគន់បាននិយាយថា ប្រាក់គួរតែត្រូវចំណាយទៅលើការដំឡើងប្រាក់ខែ ដល់បុគ្គលិក ឬប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា យានអវកាសនេះបានហោះឡើង នៅវេលាម៉ោង៨:១២យប់ ថ្ងៃអង្គារ (ពេលវេលានៅកម្ពុជា) ពីព្រលានឯកជនមួយ ក្នុងរដ្ឋ Texas៕
ប្រភព: BBC