ចិន៖ ទីភ្នាក់ងារអវកាសចិនបានប្រកាសថា រ៉ុក្កែតដែលដឹកអវកាសយានិកជើងចាស់ចំនួន៣រូប ដែលត្រូវបញ្ជូនទៅម៉ូឌុលស្ថានីយអវកាសរបស់ចិន បានបាញ់បង្ហោះចេញពីវាលខ្សាច់ Gobi នៅភាគខាងជើងប្រទេស។ មនុស្សទាំងបីនាក់នោះរួមមាន លោក Nie Haisheng អាយុ៥៦ឆ្នាំ លោក Liu Boming អាយុ៥៤ឆ្នាំ និងលោក Tang Hongbo អាយុ៤៥ឆ្នាំ នឹងក្លាយជាអវកាសយានិកចិនដំបូងគេ ដែលចុះចតនៅដំណាក់កាលដំបូងនៃស្ថានីយអវកាស ដែលគេដាក់ឈ្មោះថា Tiangong ដែលកំពុងសាងសង់នៅក្នុងគន្លងទាបនៃផែនដីនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការិយាល័យវិស្វកម្មអវកាសរបស់ចិនបានធ្វើសេចក្ដីប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធ ដោយនិយាយថាការបាញ់បង្ហោះនឹងត្រូវធ្វើឡើង នៅម៉ោងក្នុងទីក្រុងប៉េកាំង៩:២២នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ពីមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Jiuquan satellite launch centre នៅវាលខ្សាច់ Gobi។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា បេសកកម្មដែលមានឈ្មោះថា Shenzhou-12 ឬ Divine Vessel គឺជាបេសកកម្មទីមួយក្នុងចំណោមបេសកកម្មគ្រោងទុកចំនួនបួននៃស្ថានីយអវកាស Tiangong។ ក្នុងរយៈពេល៧ខែកន្លងមកនេះ អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានបញ្ជូនយានរុករកធ្វើដំណើរនៅឋានព្រះចន្ទក្នុងខែធ្នូ និងនៅលើភពអង្គារក្នុងខែឧសភា។ ជាផ្នែកមួយនៃផែនការរបស់ខ្លួន ដើម្បីឲ្យមានស្ថានីយអវកាសពេញលេញនៅត្រឹមខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះម៉ូឌុលដំបូងរបស់ខ្លួន ហៅថា Tianhe កាលពីថ្ងៃទី២៩ ខែមេសា៕