អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានប្រកាសជាផ្លូវការថាក្លិបបាននាំយកខ្សែការពារ David Alaba ពី Bayern Munich ដោយជោគជ័យ ហើយគេបានចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិបផងដែរ។
កីឡាករសញ្ជាតិអូទ្រីសរូបនេះបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយ Bayern Munich បន្ទាប់ពីចំណាយពេលនៅទឹកដី Allianz Arena ចំនួន១២ឆ្នាំ ខណៈ មានពាក្យចចាមអារ៉ាមជាច្រើនថា Real Madrid ព្យាយាមតាមបញ្ចុះបញ្ចូលគេហើយពេលនេះក្លិបក៏បាន បញ្ជាក់ជាផ្លូវការ។
Alaba នឹងក្លាយជាកីឡាករ Real Madrid ចាប់ពីរដូវកាលថ្មីនេះតទៅ ដោយគេទទួលបានដល់ទៅ ២សែនផោន(ស្មើនឹងប្រមាណ២សែន៨ម៉ឺនដុល្លារ)ក្នុងមួយសប្តាហ៍ឯណោះ។
យ៉ាងណាមិញ David Alaba នឹងបង្ហាញមុខជាផ្លូវការនៅនឹងមុខអ្នកគាំទ្ររបស់ Real Madrid ក្រោយព្រឹត្តិការណ៍ Euro ចប់សព្វគ្រប់ ខណៈគេក៏ត្រូវបានក្រុមជម្រើសជាតិអូទ្រីសកោះហៅផងដែរ។
គួរបញ្ជាក់ថាកីឡាករវ័យ២៨ឆ្នាំរូបនេះធ្លាប់ឈ្នះពានចំនួន២៧ពានជាមួយ Bayern Munich ដោយក្នុងនោះមានពាន Bundesliga ចំនួន១០ បូកបញ្ចូលទាំងពាន Champions League ពីរដង និងត្រូវបានរាប់បញ្ចូលក្នុង FIFA Team of The Year ចំនួន៣ដងក្នុងការបង្ហាញខ្លួនសរុបចំនួន៤៣១ប្រកួត៕
ប្រភព៖ thesun
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់