ចិន៖ ជាការពិតណាស់ សុនក គឺជាសត្វចិញ្ចឹមមួយប្រភេទ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀត ដែលមានភាពឆ្លាតវៃ និងស្មោះត្រង់ចំពោះម្ចាស់បំផុត ហើយវាប្រៀបបីដូចជាសមាជិកម្នាក់នៅក្នុងគ្រួសារអីចឹងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងនាពេលថ្មីៗនេះ មានសុនកដ៏ឆ្លាតវៃមួយក្បាល បានជួយសង្គ្រោះបុគ្គលិកស្រីម្នាក់ទាន់ពេលវេលាផងដែរ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយកន្លែង ស្ថិតក្នុងទីក្រុងហាប៊ីន ភាគខាងជើងឈាងខាងកើតខេត្ដហៃឡុងជាំង ប្រទេសចិន។
តាមរយៈឃ្លីបវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុខណៈបុគ្គលិកដែលមិនត្រូវបានគេបញ្ចេញអត្ដសញ្ញាណរូបនោះកំពុងធ្វើការសុខៗ នាងស្រាប់តែមានអាការវិលមុខ ទន់ជើង ហើយដួលសន្លប់នៅលើឥដ្ឋមួយរំពេច ស្របពេលដែលសុនក២ក្បាល កំពុងតែដើរហាត់ប្រាណលើម៉ាស៊ីន។ តែក្រោយឃើញដូច្នេះ សុនកមួយក្បាល បានដើរសំដៅមកជិតស្ត្រីនោះ ហើយភ្លាមៗនោះដែរ វាហាក់ដឹងថាមានអ្វីមិនប្រក្រតី ដោយបានព្យាយាមប្រើក្រញាំរបស់វា ដើម្បីធ្វើឲ្យនាងដឹងខ្លួនផងដែរ។
ទោះជាយ៉ាងណា ក្រោយមិនអាចជួយឲ្យដឹងខ្លួន វាក៏បានទៅបើកទ្វារហាង ហើយដើរចេញទៅក្រៅដើម្បីស្វែងរកអ្នកជួយ ហើយវាបានត្រលប់មកវិញជាមួយបុរសម្នាក់នាមត្រកូលថា យូ ដែលជាម្ចាស់ហាង រួចលោកក៏បាននាំនាងទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង។ ហើយនាងត្រូវបានពិនិត្យឃើញថា ខ្វះជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យដួលសន្លប់បែបនេះ។
ដោយឡែក បើតាមលោក យូ បានឲ្យដឹងដែរថា សុនកដ៏ឆ្លាតវៃរបស់គាត់មួយក្បាលនេះមានអាយុជាង៥ឆ្នាំហើយ និងយល់ពាក្យសម្ដីមនុស្សជាច្រើន ហើយវាក៏បានរៀនពីរបៀបបើកទ្វារផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖