ភ្នំពេញ៖ ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា មានមោទនភាពសូមប្រកាសនូវការបរិច្ចាគទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក (ប្រហាក់ប្រហែល ៤ប៊ីលានរៀល) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19 បង្កឡើងដោយ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសំណើររបស់ធនាគារក្នុងការស្ម័គ្រចិត្តបរិច្ចាគទឹកប្រាក់នេះ ត្រូវបានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ការពិចារណាដ៏ខ្ពង់ខ្ពស់ ព្រមទាំងទទួលយកជាមួយការថ្លែងអំណរគុណចំពោះធនាគារផងដែរ។ ក្នុងលិខិតថ្លែងអំណរគុណធនាគារ ABA សម្តេចមានប្រសាសន៍ថា៖
« ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំធនាគារ ABA ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន ១,០០០,០០០ (មួយលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកើតឡើងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានកំពុងរីករាលដាលពេលបច្ចុប្បន្ននេះ។ ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះនូវទឹកចិត្តដ៏សប្បុរស របស់ថ្នាក់ដឹកនាំធនាគារ ABA »។

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA មានប្រសាសន៍ថា៖
« ជាផ្នែកដ៏សកម្មមួយនៃសង្គមធុរកិច្ចកម្ពុជា យើងខ្ញុំនៅធនាគារ ABA គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខុមាភាពរបស់ប្រជាជនកម្ពុជា ជាពិសេសនៅអំឡុងពេលរីករាលដាលវីរុសកូវីដ-19។ ហើយយើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលចូលរួមវិភាគទាន ដើម្បីជាកម្លាំងបន្ថែមដល់ការបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ ហើយយើងខ្ញុំនឹងបន្តជួយដល់សហគមន៍នាពេលអនាគតថែមទៀត »។
លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមថា៖
« ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុ ធនាគារបង្ហាញពីការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់ខ្លួនតាមរយៈ ដំណោះស្រាយស្វ័យសេវាធនាគារ និងឌីជីថលដ៏ទំនើបដែលគាំទ្រអតិថិជនធ្វើឲ្យពួកគាត់ទទួលបានជីវភាពហិរញ្ញវត្ថុពេញលេញ នៅអំឡុងពេលការរីករាលដាលវីរុស និងទោះបីជាស្ថិតក្នុងគ្រាបិទខ្ទប់ក៏ដោយ »។
ដោយអនុវត្តតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ខ្លួន ធនាគារ ABA ប្តេជ្ញាចិត្តគាំទ្រនូវគំនិតផ្តួចផ្តើមដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19។ ចាប់តាំងពីពេលចាប់ផ្តើមនៃការរីករាលដាលវីរុសនៅក្នុងប្រទេសកម្ពុជា ធនាគារ ABA បានរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ និងបរិច្ចាគថវិកាតាមរយៈគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។
បន្ថែមលើការគាំទ្រផ្នែកថវិកា កម្មវិធី ABA Mobile ដ៏ទំនើបរបស់ធនាគារត្រូវបានប្រើប្រាស់ជាឧបករណ៍ សម្រាប់រៃអង្គាសប្រាក់នៅក្នុងគំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-19 ផងដែរ៕