ស្នេហា គឺជាអារម្មណ៍ធម្មជាតិដែលកើតឡើងដោយមិនបានព្រាងទុក។ នៅពេលដែលអ្នកបានជួបនរណាម្នាក់ ហើយបេះដូងចាប់ផ្តើមកន្ត្រាក់ ភ័យអរៗ ហើយជាប់ចិត្តស្អិតប្រតិព័ទ្ធមិនអាចហាមឃាត់បាន មានន័យថា «អ្នកមានស្នេហាហើយ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្នេហាក្មេងខ្ចីបែបស្រើបស្រាល គឺជាស្នេហាផុយស្រួយ ដែលអាចជះឥទ្ធិពលអវិជ្ជមានទៅដល់ការសិក្សា និងអនាគត។ យើងអាចសង្កេតឃើញថា ភាគច្រើនពួកគេគ្រាន់តែយកស្នេហាមកធ្វើជាល្បែងកំសាន្តសប្បាយ កំដរអារម្មណ៍អផ្សុក និងកំដរបរិយាកាសឯកោតែប៉ុណ្ណោះទេ។ ជាការពិតណាស់ស្នេហាបែបនេះអាចប៉ះពាល់ដល់ការសិក្សា និងអនាគតយ៉ាងពិតប្រាកដ។
ការផ្តល់នូវអារម្មណ៍កក់ក្តៅ ការចេះយល់ចិត្តយល់ថ្លើម ការយកចិត្តទុកដាក់ ការចេះការពារ និងការផ្តល់នូវកម្លាំងចិត្ត គឺមានលក្ខណៈជាស្នេហាបែបចាស់ទុំចិត្តគំនិត។ តាមការសង្កេតរបស់ខ្ញុំជាក់ស្តែងជាទូទៅចំពោះយុវជនដែលមានស្នេហាត្រឹមត្រូវ ច្រើនទទួលបាននូវកម្លាំងជំរុញជាវិជ្ជមាន និងភាពរីករាយទាំងក្នុងការដឹកនាំជីវិតនិងការសិក្សា។
ដូចនេះ ការដែលមានស្នេហាក្នុងវ័យសិក្សាល្អ ឬមិនល្អ វាអាស្រ័យលើស្ថានភាព បរិបទសង្គម និងខ្លួនអ្នកផ្ទាល់។ គ្រប់យ៉ាងអ្នកជាអ្នកសម្រេចចិត្ត ហើយអ្នកក៏ត្រូវទទួលយកនូវលទ្ធផលនោះដោយខ្លួនឯងដូចគ្នាផងដែរ៕
