ថៃ៖ ថ្មីៗនេះ រូបភាពមួយសន្លឹក បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម រំជួលចិត្តយ៉ាងខ្លាំង ដែលបង្ហាញពីដំរីព្រៃមួយក្បាល ធ្វើការស្វាគមន៍គ្រូពេទ្យសត្វម្នាក់ ដោយយកប្រម៉ោយ ទៅប៉ះដៃរបស់គ្រូពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពសារព័ត៌មាន Daily Mail បានឲ្យដឹងថា ដំរីមួយក្បាលនេះ មានឈ្មោះថា Plai Thang អាយុ៣១ឆ្នាំ ដែលកាលឆ្នាំ២០០៩ វាត្រូវបានគេប្រទះឃើញ នៅឯព្រៃក្នុងខេត្ត Rayong ប្រទេសថៃ ដោយពេលនោះ វាមានបញ្ហាសុខភាពដូចជា គ្រុនក្ដៅ បាត់បង់ចំណងអាហារ ហើមលើមុខ ក និងពោះ ស្លេកស្លាំង ឈឺភ្នែក រលាកជើង និងខ្នង។ ហើយទន្ទឹមនឹងនោះដែរ ក៏មានគ្រូពេទ្យសត្វម្នាក់ ឈ្មោះថា Pattarapol បានជួយសង្គ្រោះ ដោយបញ្ជូនវាទៅកាន់អង្គការឧស្សហកម្មព្រៃឈើក្នុងខេត្តផ្ទាល់ ដើម្បីឲ្យបុគ្គលិកមកពីមន្ទីរឧទ្យានជាតិសត្វព្រៃនិងអភិរក្សរុក្ខជាតិ ជួយព្យាបាលវា។ បន្ទាប់ពីជាសះស្បើយប៉ុន្មានខែក្រោយ វាក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
យ៉ាងណាមិញ កាលពីដើមខែមីនា ឆ្នាំ២០២១នេះ គ្រូពេទ្យសត្វ Pattarapol បានដើរល្បាតនៅតំបន់នោះម្ដងទៀត ដែលគាត់បានអះអាងថា គាត់នៅចងចាំសំឡេងរបស់ដំរី ដែលគាត់ធ្លាប់ជួយសង្គ្រោះកាលពីជាង១២ឆ្នាំមុន ព្រោះវាមានសំឡេងប្លែកខុសពីដំរីដទៃ។ ហើយគាត់ បានដើរទៅក្បែរដំរី ដែលដំរីឃើញដូច្នេះ ក៏បានធ្វើការស្វាមគន៍គាត់ ដោយយកប្រម៉ោយ ទៅប៉ះដៃរបស់គាត់ ដែលហាក់ដូចជាវានៅចងចាំគាត់អីចឹងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail