បរទេស៖ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានជីវិតសត្វមិនស្គាល់អត្តសញ្ញាណមួយចំនួន មានលក្ខណៈស្រដៀងគ្នាទៅនឹងសេវាលជាតិសមុទ្រ ក្រោមផ្ទាំងទឹកកកកម្រាស់ប្រមាណ ៩១៤ម៉ែត្រ នៅក្នុងទ្វីបអង់តាក់ទិក ដោយការរកឃើញនេះគឺផ្ទុយស្រឡះទៅនឹងការសន្និដ្ឋានរបស់ពួកគេ ដែលធ្លាប់លើកឡើងថាគ្មានអ្វីអាចរស់នៅក្នុងស្ថានភាពបែបនេះបានទេ ដោយហេតុថា វាមានសីតុណ្ហភាពត្រជាក់ខ្លាំង គ្មានចំណីអាហារ និងងងឹតសូន្យសុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពពួកសត្វទាំងនេះត្រូវគេរកឃើញ ខណៈពួកវាប្រទាក់ខ្លួនទៅនឹងផ្ទាំងទឹកកកមួយ ក្នុងទឹកសមុទ្រដ៏ត្រជាក់ស្ថិតក្រោមស្រទាប់ទឹកកក Filchner-Ronne ដោយក្នុងនោះ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានវាស់ស្ទង់ទឹកកកតំបន់អង់តាក់ទិករបស់ចក្រភពអង់គ្លេស ហៅកាត់ (BAS) បានខួងទឹកកកកម្រាស់ ៨៧១ម៉ែត្រ ហើយបន្តខួងបន្ថែមទៀត មុននឹងប្រទះឃើញវត្តជីវិតនេះ។
លោក Huw Griffiths អ្នកវិទ្យាសាស្ត្រម្នាក់ ដែលរកឃើញនូវរបកគំហើញថ្មីនេះបានលើកឡើងថា តំបន់ដែលស្ថិតនៅក្រោមផ្ទាំងទឹកកកទាំងនេះ ប្រហែលជាកន្លែងមួយក្នុងចំណោមទីជម្រក ដែលគេស្គាល់តិចតួចបំផុតនៅលើផែនដី។ យើងមិនធ្លាប់គិតថា ពពួកសត្វទាំងនេះនឹងត្រូវបានរកឃើញនៅទីនេះនោះទេ។ ហើយការរកឃើញនេះ បានលើកឡើងនូវសំណួរជាច្រើន ថាតើពួកវាអាចទៅទីនេះដោយរបៀបណា? តើពួកវាស៊ីអ្វី? តើពួកវានៅទីនេះអស់រយៈពេលយូរប៉ុនណាហើយ?
គួរជម្រាបថា ក្រោយការរកឃើញនេះ ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ជំហានបន្ទាប់ ដើម្បីធ្វើការសិក្សាឈ្វេងយល់ ថាតើសត្វទាំងនេះ មានការវិវត្តន៍មកពីប្រភេទសត្វដែលមិនធ្លាប់ស្គាល់ពីមុនមក ឬក៏យ៉ាងណា។ ប៉ុន្តែបើទោះជាយ៉ាងណាក្តី ការសិក្សាពីវត្តមានជីវិតនៅក្នុងស្ថានីយ៍ស្រាវជ្រាវតំបន់អង់តាក់ទិក គឺមិនងាយស្រួលនោះឡើយ៕



