អង់គ្លេស៖ ក្មេងប្រុសវ័យជំទង់ជនជាតិអង់គ្លេសម្នាក់ កំពុងដឹងខ្លួនបណ្ដើរៗវិញហើយ ពីការសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិត១ឆ្នាំ បន្ទាប់ពីរូបគេបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានដឹងថាប្រទេសកំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង និងសូម្បីតែខ្លួនគេផ្ទាល់ក៏បានឆ្លងជំងឺរាតត្បាតនេះដល់ទៅពីរដងផងដែរ និងបានព្យាបាលជាទាំងពីរលើក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយុវជនរូបនេះមានឈ្មោះថា Joseph Flavill វ័យ១៩ឆ្នាំ ដែលបានរងរបួសខួរក្បាលនៅពេលរូបគេត្រូវរថយន្ដបុក នៅឯទីក្រុង Burton-on-Trent ប្រទេសអង់គ្លេស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពោលគឺមុន៣សប្ដាហ៍ ដែលប្រទេសអង់គ្លេសបានបិទលើកដំបូង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងកំឡុងពេលនោះដែរ ក្រុមគ្រួសាររបស់ Joseph ភាគច្រើនមិនអាចទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់បានទេ ដោយសារវិធានការទប់ស្កាត់រោគរាតត្បាតនេះ ហើយពួកគេភាគច្រើនបានព្យាយាមទាក់ទងជាមួយអ្នកជំងឺតាមវីដេអូខលជំនួសវិញ ហើយសូម្បីតែម្ដាយរបស់Joseph ក៏មិនអាចប៉ះរូបគេបានដែរ ចាប់តាំងពីមានគ្រោះថ្នាក់នោះមក។
យ៉ាងណាមិញ ម្ដាយមីងរបស់ Joseph ឈ្មោះ Sally Flavill បានប្រាប់សារព័ត៌មាន Reuters ថា ថ្មីៗនេះ Joseph បានចាប់ផ្ដើមបង្ហាញសញ្ញាជាសះស្បើយតិចៗហើយ ហើយនៅពេលនិយាយទៅកាន់គេថា «អ្នកមានសុវត្ថិភាពហើយ ប៉ុន្ដែយើងមិនអាចនៅជាមួយអ្នកបានទេ នេះមិនមែនមានន័យថាយើងត្រូវនៅបែកគ្នារហូតទេ»។ ខណៈនោះ Joseph ហាក់យល់ និងស្ដាប់បាន គ្រាន់តែគេមិនអាចឆ្លើយតបដោយសម្ដីប៉ុណ្ណោះ ពោលគឺគេអាចឆ្លើយពាក្យថា «បាទ» តាមរយៈការព្រិចភ្នែកម្ដង និងព្រិចភ្នែកពីរដងបានន័យថា «ទេ»៕


