អាមេរិក៖ ស្ត្រីជាម្ដាយម្នាក់មានឈ្មោះថា លីហ្សា ហូលស្សល អាយុ៤៧ឆ្នាំ មកពីរដ្ឋ Pennsylvania បានជួបប្រទះនឹងបញ្ហាដ៏គួរឲ្យឈឺក្បាលមួយ គឺកូនស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវបានកូនបាល់តូចៗ Bunchem ដែលសម្រាប់ផ្គុំរូប ចំនួន១៥០គ្រាប់ ជាប់ជំពាក់ពេញសក់ក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់អ្នកស្រី លីហ្សា បានឲ្យដឹងថា នៅថ្ងៃកើតហេតុ កូនភ្លោះប្រុសស្រីមួយគូរបស់គាត់ បានលេងជាមួយគ្នានៅជាន់ខាងក្រោម។ ហើយកូនប្រុស ក៏ស្រាប់តែយកប្រអប់ដែលផ្ទុកគ្រាប់កូនបាល់តូចៗ ទៅចាក់ពីលើក្បាលរបស់កូនស្រី ដែលបណ្ដាលឲ្យជាប់ជំពាក់តែម្ដង។ បន្ទាប់ពីឃើញដូច្នេះ កូនប្រុស បានរត់ទៅជាន់ខាងលើដើម្បីទៅប្រាប់គាត់ ហើយគាត់ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញសភាពសក់ក្បាលរបស់កូនស្រី។
អ្នកស្រីបានបន្ដទៀតថា គាត់បានចំណាយពេលប្រហែល៣ម៉ោង ក្នុងការយកគ្រាប់បាល់ចំនួន១៥ចេញ។ លុះពេលដែលប្ដីរបស់គាត់ត្រលប់មកផ្ទះវិញ ក៏បានព្យាយាមស្វែងរកដំណោះស្រាយនៅលើបណ្ដាញអ៊ីនធឺណេត ដែលមានម្ដាយផ្សេងៗទៀតធ្លាប់ជួបបញ្ហានេះដែរ។ ហើយដំណោះស្រាយគឺ យកក្រែមបន្ទន់សក់ និងប្រេងបន្លែដើម្បីឲ្យកូនបាល់រអិលចេញពីសក់ តែយ៉ាងណាក្ដី វាបានធ្វើឲ្យសភាពកាន់តែធ្ងន់ធ្ងរទៅវិញ។ នៅពេលយប់បន្ដិច ប្ដីរបស់គាត់ក៏បានធ្វើឲ្យគ្រាប់កូនបាល់ចេញពីសក់ចំនួន១០គ្រាប់បន្ថែមទៀត ចំណែកកូនស្រីវិញមិនអាចគេងបានឡើយ រហូតដល់ម៉ោង១:០០ទាបភ្លឺ។
បើទោះជាពិបាកយ៉ាងណាក៏ដោយ អ្នកស្រី ព្រមទាំងស្វាមីមិនប្រើកន្ត្រៃកាត់សក់ចេញទេ និងនៅតែខំព្យាយាមដដែល។ ហើយនៅព្រឹកថ្ងៃបន្ទាប់ មិត្តភក្ដិរបស់គាត់ម្នាក់បានណែនាំវិធីមួយ ដោយយកប្រេងធម្មជាតិ និងស្និតសក់ធ្មេញធំៗ ដែលអ្នកស្រីបានអនុវត្តតាមបណ្ដើរ និងហូរទឹកភ្នែកអាណិតកូនបណ្ដើរ។ ទន្ទឹមនឹងនេះដែរ កូនស្រី រួមទាំងកូនប្រុសក៏បានលួងលោមគាត់ និងដឹងពីកំហុសរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ ក្រោយពីចំណាយពេលបេះកូនបាល់ចេញពីសក់គ្មានសល់ អស់រយៈពេល២០ម៉ោងរួចមក (មានការសម្រាកផងដែរ) ដៃរបស់អ្នកស្រី លីហ្សា ក៏មានការហើម តែគាត់មិនខ្វល់ឡើយ ព្រោះទីបំផុតអាចជួយកូនស្រីបានសម្រេច។ ហើយបន្ទាប់មកទៀត គាត់បានចំណាយពេលប្រហែល១ម៉ោង ក្នុងការងូតទឹកលាងសម្អាតសក់របស់កូនស្រី និងសិតពន្លាសក់ឲ្យវិលរកសភាពដើមវិញផងដែរ។
ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកស្រី លីហ្សា បានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយគួរបញ្ជាក់ដែរថា នៅលើប្រអប់កូនបាល់ Bunchem ក៏បានធ្វើការដាស់តឿន ឲ្យប្រុងប្រយ័ត្នរាល់ពេលលេង ចៀសវាងជាប់សក់ផងដែរ។ ចំពោះប្រដាប់លេងនេះ ត្រូវបានគេឈប់ផលិតតាំងពីឆ្នាំ២០១៩មកម៉្លេះ ប៉ុន្ដែមកទល់បច្ចុប្បន្ននេះ វានៅតែមានលក់លើទីផ្សារដដែល៕
សូមទស្សនារូបភាពខាងក្រោម៖