អង់គ្លេស៖Jamie O'Hara ដែលជាអតីតកីឡាកររបស់ Arsenal និង Spurs បានបោះសំណួរមួយទៅកាន់ក្លិបបិសាចក្រហម Manchester United ថាហេតុអីបានជាខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bruno Fernandes ធ្វើជាមិនទទួលយកការរិះគន់ទាំងដែលខ្លួនឯងពិតជាបានលេងអន់ក្នុងការប្រកួតទល់នឹងក្លិបហង្សក្រហម Liverpool មែន។
Bruno ធ្វើបានល្អណាស់តាំងពីផ្ទេរមកចូលរួមជាមួយបិសាចក្រហម ប៉ុន្តែអ្នកគាំទ្រភាគច្រើនសង្កេតឃើញថាឲ្យតែប្រកួតធំៗចូលមកដល់គឺមិនឃើញស្រមោលរបស់ខ្សែបម្រើម្នាក់នេះទាល់តែសោះ។
O'Hara គិតថា Bruno គួរតែពង្រឹងខ្លួនឯងខ្លាំងជាងនេះ មិនមែនជំនាញតែខាងទាត់បាល់ប៉េណាល់ទីនោះឡើយ ខណៈដែលលោក Roy Keane ក៏រិះគន់ដែរថាគេពិតជាមិនបានជួយអ្វីដល់ក្រុមទាល់តែសោះ។
នេះមិនមែនជាលើកដំបូងនោះឡើយដែល កីឡាករវ័យ២៦ឆ្នាំរូបនេះបំបាំងកាយក្នុងការប្រកួតធំៗព្រោះសូម្បីការប្រកួតទល់នឹង Manchester City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Carabao Cup ក៏គេមិនបានជួយជាផ្លែផ្កាអ្វីដល់ក្រុមនោះឡើយ។
Jamie O'Hara បានមើលឃើញចំណុចខ្វះខាតរបស់ Bruno និងនិយាយថាទោះបីគេស៊ុតបញ្ចូលទីបានដល់ទៅ ២៧គ្រាប់និងបញ្ជូនបាល់បាន១៧គ្រាប់ក្នុងការបង្ហាញខ្លួនសរុប៤៩លើកឲ្យ Manchester United ក៏ដោយក៏គេនៅតែភ្លាត់ធ្វើឲ្យរបូតបាល់នៅពេលការប្រកួតធំៗបែបនេះ។