កម្ពុជា៖ ពិតជាជក់ចិត្តសម្រាប់ការប្រកួតរវាង កូនប្រុសរបស់អធិរាជកែងឆេះជង្គង់ហោះ អេ ភូថង កីឡាករ ម៉ឺន មេឃា និងសិស្សគុនលំដាប់ A មកពីនាយកដ្ឋានអង្គរក្ស រហស្សនាមគីងកុង កីឡាករ អេលីត សាន់ នៅសង្វៀនស្ថានីយទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាជំនួបមិត្តភាព ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាមួយទំហឹងតែម្ដង ភាគច្រើនគឺការប្រើកណ្ដាប់ដៃ។ យ៉ាងណាចូលដល់ទី២ កាន់តែក្ដៅម៉ាស៊ីនជាងមុនទៀត ដោយអ្នកទាំងពីរ បានបុកគ្នាខ្លាំងៗ តាមរយៈការទាត់ ធាក់ ជង្គង់ និងម៉ាត់។

លុះឈានចូលទឹក៣ អាវុធធ្ងន់ៗក៏បានបញ្ចេញបន្ថែមទៀត ដោយ អេលីត សាន់ ផ្ដើមចេញកែងមុន ធ្វើឲ្យ មេឃា សងកែងទៅវិញ ជាបន្តបន្ទាប់រហូតធ្វើឲ្យ កូនសិស្សលោកគ្រូ ស៊ន អេលីត រូបនេះ មានស្នាមបែកលើថ្ងាស។
ត្បិត អេលីត សាន់ ព្យាយាមតាំងជំហរយ៉ាងណាក្ដី ប៉ុន្តែរបួសរបស់គេ គឺមានសភាពធ្ងន់ធ្ងរ ដូច្នេះក្រុមគ្រូពេទ្យក៏សម្រេចឲ្យអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមចុងទឹក៣ ដែលលទ្ធផលជ័យជម្នះបានធ្លាក់ទៅលើ មេឃា៕

បើចង់ឃើញការវាយរបស់អ្នកទាំងពីរជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖