នៅក្នុងជំនាន់មុន មនុស្សជាតិទូទាំងសកលលោក ប្រើប្រាស់ពេលវេលាច្រើនថ្ងៃក្នុងការធ្វើដំណើរពីកន្លែងទៅកន្លែងមួយ។ ជួនកាល ត្រូវប្រើរយៈពេលច្រើនខែក្នុងការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ មធ្យោបាយដែលពេញនិយមជាងគេកាលពីសម័យមុន ភាគច្រើនគេជិះទូក ឬសំពៅក្នុងការធ្វើដំណើរទៅកន្លែងឆ្ងាយៗ។ នៅក្នុងពេលបច្ចុប្បន្ននេះ គេមិនប្រើរយៈយូរថ្ងៃ ឬក៏យូរខែនោះទេ ក្នុងការធ្វើដំណើរទៅប្រទេសឆ្ងាយយ៉ាងយូរមួយថ្ងៃប៉ុណ្ណោះ។ មនុស្សជាតិបានព្យាយាមបង្តើតមធ្យោបាយធ្វើដំណើរមួយ ដែលគេអាចប្រើប្រាស់វាក្នុងការធ្វើដំណើរទៅប្រទេសឆ្ងាយៗ ដោយមិនប្រើរយៈពេលយូរ។ មធ្យោបាយធ្វើដំណើរនោះគឺ យន្តហោះ។
ប្រិយមិត្តដឹងទេ? ទម្រាំតែពិភពលោកមានយន្តហោះក្នុងការធ្វើដំណើរដូចបច្ចុប្បន្ន មនុស្សជំនាន់មុនមានការលំបាកខ្លាំងណាស់ក្នុងការបង្កើតយន្តហោះ។ ពួកគេត្រូវឆ្លងកាត់ការសាកល្បងច្រើនដំណាក់កាល មានទាំងការលំបាក និងភាពបរាជ័យ។
យន្តហោះដែលបានបង្កើតឡើងជោគជ័យដំបូង គឺមានលក្ខណៈតូចនិងអាចជិះបានម្នាក់ទៅពីរនាក់ប៉ុណ្ណោះ។ ហើយយូរៗទៅ ក៏វិវត្តិបានជាយន្តហោះខ្នាតតូចខ្នាតធំជាច្រើន និងផ្ទុកមនុស្សបានច្រើននាក់ដូចដែលបានឃើញនៅពេលបច្ចុប្បន្ននេះ។
យន្តហោះបង្កើតឡើងក្នុងឆ្នាំ១៩០៣ ដោយបងប្អូនជនជាតិអាមេរិកពីរនាក់ គឺលោក Orville Wright និងលោក Wilbur Wright។ ពួកគេទាំងពីរនាក់គឺជាអ្នកច្នៃប្រឌិត និងជាបុគ្គលដំបូងគេដែលមានគំនិតបង្កើតយានផ្លូវអាកាសឡើង ។ ហើយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩០៨ ការទទួលជោគជ័យក្នុងការហោះហើរយន្តហោះរបស់គាត់ដំបូងក៏ចាប់ផ្តើមឡើង។ លោក Wilbur (ប្អូន) បានសាកល្បងការហោះហើរនៅឯវាលប្រណាំងសេះមួយក្នុងប្រទេសបារាំងដោយប្រើរយៈពេល៤៥នាទី។ រីឯលោក Orville (បង) បានហោះហើរនៅក្បែររដ្ឋវ៉ាសុ៎ីនតោន សហរដ្ឋអាមេរិក។
តោះ ទៅមើលវីដេអូក្នុងការសាកល្បងការហោះហើររបស់យន្តហោះដំបូងទាំងអស់គ្នា ថាតើមានភាពលំបាកយ៉ាងណា៖