ភ្នំពេញ៖ តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែលគេស្គាល់ថា មានរាងស្អាត ឬហៅថារាង Goal មុខមានមន្តស្នេហ៍ កម្ពស់ខ្ពស់ស្រឡះ ស្គមស្វែល គួរឲ្យគយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្បស់ គួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជារូបរាងរបស់តារាស្រីរូបនេះ ខ្ពស់ស្រឡះ ត្រូវតាមស្តង់ដាស្រីស្អាត ដូចជាតារាម៉ូដែលយ៉ាងណាក្តី ក៏នាងហាក់នៅតែទទួលបាន មតិអវិជ្ជមាន ជុំវិញមជ្ឈដ្ឋាន ដែលរិះគន់ ទៅលើរូបរាងខាងក្រៅថា នាងជាមនុស្សស្រី មានកម្ពស់ខ្ពស់ខុសគេ ស្គម មិនសមជាមនុស្សស្រីទៅវិញ។
យ៉ាងណាមិញ នៅលើបណ្តាញសង្គម ហ្វេសប៊ុកជាផ្លូវការ របស់ពិធីការិនីកំពុងមានឈ្មោះបោះសម្លេង កញ្ញា Jimmy ក៏បានបង្ហោះសារ ចែករំលែកទៅកាន់អ្នកគាំទ្រ ជាមួយសារយ៉ាងវែងអន្លាយ ដែលជាពាក្យក្នុងចិត្តនាង ក្រោយត្រូវបានគេម៉ាក់ងាយ ក៏ដូចជាពាក្យរិះគន់ ពីរូបរាងខាងក្រៅ។ ដោយនាងថែមទាំងបាន ភ្ជាប់សារលើកទឹកចិត្តទៅដល់ មិត្តនារីៗ ដែលមានកម្ពស់ខ្ពស់ដូចនាងផងដែរ។
នាងបានលើកឡើងថា ៖
កាលពីតូច ពេលនៅរៀនខ្ញុំត្រូវបានគេបង្អាប់ថា ខ្ពស់ជ្រុល វែងជ្រុល ស្គមជ្រុល គេថាធំឡើងប្រាកដជាអាក្រក់ គ្មានអ្នកស្រលាញ់ គ្មានមនុស្សរាប់រក។ វាធ្វើឲ្យខ្ញុំបាត់បង់ជំនឿចិត្តខ្លាំងមែនទែន។ ខ្ញុំចាំបានថា ពេលនោះខ្ញុំព្យាយាមលើករបស់ធ្ងន់ៗ ដើម្បីអោយឆ្អឹងលូតលាស់យឺត ( ជាការគិតដ៏ល្ងង់ខ្លៅរ បស់ក្មេងវិទ្យាល័យម្នាក់ ) ទៅណាមកណា ខ្ញុំព្យាយាមដើរចំកោងខ្លួនអោយកោងបំផុត តាមដែលអាចធ្វើបាន ពីព្រោះខ្លាចពេលយើងដើរត្រង់់ខ្លួន ខ្ពស់ខុសគេខុសឯង។ រហូតទាល់តែខ្នងកោង សឹងតែក្លាយជាទម្លាប់។ រហូតដល់ថ្ងៃមួយ ខ្ញុំឃើញមនុស្សស្រីម្នាក់ដែលគាត់ខ្ពស់ជាងខ្ញុំ ហើយគាត់ជាតារាម៉ូឌែល ពេលនោះខ្ញុំបានទៅឈរជិតគាត់ ហើយខ្ញុំមានអារម្មណ៍ថា ហេតុអ្វីខ្ញុំខ្ពស់មិនដល់គេផង តែខំធ្វើខ្លួនកោងកោងដូចកំពឹស អាក្រក់គ្មានភាពជឿជាក់បែបនេះ ចុះហេតុអ្វីបានជាគេខ្ពស់ជាងខ្ញុំ គេនៅតែមើលទៅឃើញស្អាតឥតខ្ចោះជាងអ្នកទាបៗ ដែលគេដៀលខ្ញុំពីមុនមកអញ្ចឹង។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមរៀនទទួលយកខ្លួនឯង ទទួលយកការពិតថា យើងកើតមកមានរូបរាងបែបនេះ មានទំនុកចិត្តលើខ្លួនឯង បើសិនជាយើងកែប្រែអ្វីអត់បាន យើងមានតែបន្ថែមការស្រលាញ់ និងបន្ថែមភាពស្រស់ស្អាត ទៅឲ្យរូបរាងមួយនោះ ។ រហូតដល់ថ្ងៃនេះ ទើបខ្ញុំដឹងថាយើងមិនមែនកើតមកអាក្រក់ទេ តែសង្គមទាំងមូល មិនដឹងថាគាត់កើតអី បានព្យាយាមបំបាក់ទឹកចិត្តមនុស្សម្នាក់ឱ្យគិតថាខ្លួនឯងអាក្រក់។ ធ្វើឱ្យគេគ្មានសេចក្តីក្លាហាន ក្នុងការបង្ហាញរូបរាងពិតរបស់គេបែបនេះ? ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមក្លាយជាខ្ញុំពេលនេះ ក្លាហាននឹងហ៑ានឈរលើស្បែកជើងកែង ហ៊ានស្លៀកពាក់រឹបរាង ហើយខ្ញុំតាំងចំហក្នុងចិត្តថា ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នា ដែលគ្មានភាពក្លាហាន គ្មានទំនុកចិត្ត គិតថាខ្លួនឯងអាក្រក់ គិតថាខ្លួនឯងមិនចុះចំណោមគេ ឲ្យត្រឡប់មកគិតសារថ្មីថា : លើលោកនេះគ្មានមនុស្សអាក្រក់ទេ មនុស្សទាំងអស់ត្រូវបានសាងឲ្យមានភាពស្រស់ស្អាតខុសគ្នា មនុស្សដែលអាក្រក់ពិតប្រាកដ គឺជាប្រភេទមនុស្សវាយតម្លៃគេថា រូបរាងគេបែបនេះបែបនោះ ទាំងដែលពេលខ្លះ ខ្លួនឯងមិនបានប៉ុនគេផង។ កុំធ្វើឱ្យឥទ្ធិពលអវិជ្ជមានរបស់ពួកមនុស្សអគតិទាំងនោះ ធ្វើឲ្យអនាគតរបស់អ្នកត្រូវផ្លាស់ប្ដូរ និងងងឹតឆឹង។ គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការវាយតម្លៃរូបរាងខាងក្រៅ របស់អ្នកដទៃនោះទេទោះបីអ្នកជានរណាក៏ដោយ។ ពីព្រោះខ្ញុំជឿថា អ្នកដែលវាយតម្លៃគេហ្នឹង ក៏មិនដែលចង់ឲ្យគេដៀមដាមខ្លួនដែរ។ ដូច្នេះចូរធ្វើអ្វីដាក់គេ ឲ្យដូចទៅនឹងអ្វីដែលអ្នកចង់ទទួលបាន។ ជាចុងក្រោយចង់ប្រាប់ទៅមនុស្សគ្រប់គ្នាថា អ្នកទាំងអស់គ្នា ពិតជាស្រស់ស្អាត នៅក្នុងភាពជាខ្លួនឯង។ ឈប់ព្យាយាមដើរតាមស្រមោលអ្នកដទៃ។ ឈរឲ្យត្រង់ ហើយឲ្យខ្ពស់ក្នុងភាពជាខ្លួនឯង។ ពីខ្ញុំ Jimmy meng .
សូមទស្សនារូបភាពខាងក្រោម៖




