អាមេរិក៖ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលហាមឃាត់ការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនដែលនៅពីក្រោយកម្មវិធីរបស់ចិនចំនួនប្រាំបី ដោយក្នុងនោះមានកម្មវិធី Alipay របស់ Ant Group ព្រមទាំង QQ ហើយនិង WeChat Pay របស់ក្រុមហ៊ុន Tencent។ ប្រតិបត្តិការនឹងត្រូវហាមឃាត់ក្នុងរយៈពេល 45 ថ្ងៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីដែលត្រូវហាមឃាត់ទាំងអស់រួមមាន៖ Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office។

នៅក្នុងបទបញ្ជានោះបាននិយាយថា នៅសហរដ្ឋអាមេរិក ល្បឿននិងការរីករាលដាលរបស់កម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ និងកម្មវិធី software ផ្សេងទៀតដែលត្រូវបានបង្កើត ឬគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
សារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់ថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមអនុវត្តសេចក្តីណែនាំរបស់បទបញ្ជានេះ មុនពេលលោក Trump ចាកចេញពីតំណែងនៅថ្ងៃទី20 ខែមករា ។
បទបញ្ជាថ្មីនេះ ចេញក្រោយបទបញ្ជាពីរពីមុនមកកាលពីខែសីហាដែលបានព្យាយាមហាមឃាត់ TikTok និង WeChat ។ ទោះជាយ៉ាងណាក៏ដោយចៅក្រមបានរារាំងមិនឱ្យហាមឃាត់ WeChat នៅក្នុងខែកញ្ញា និងម្តងទៀតនៅក្នុងខែតុលា ហើយក៏មានចៅក្រមម្នាក់ទៀតបានចេញដីកាបញ្ឈប់ការហាមឃាត់ TikTok កាលពីខែធ្នូផងដែរ។
ប្រសិនបើសហរដ្ឋអាមេរិកទទួលជោគជ័យក្នុងការហាមឃាត់កម្មវិធីទាំងនេះ វាអាចជាបញ្ហាមួយ ជាពិសេសសម្រាប់គ្រួសារជនជាតិអាមេរិកាំងចិន ដែលប្រើកម្មវិធីទាំងនេះដើម្បីធ្វើការទំនាក់ទំនងតាមអ៊ីនធឺណេត៕