ភ្នំពេញ៖ កីឡាអេឡិចត្រូនិកនៅព្រះរាជាណាចក្រកម្ពុជាកំពុងតែមានប្រជាប្រិយភាពជាខ្លាំង ដែលប្រមូលផ្តុំទៅដោយហ្គេមផ្សេងៗជាច្រើន ហើយសម្បូរទៅដោយក្រុមដែលមានថ្វីដៃខ្លាំងៗទាំងពេលលេងក៏ដូចជាការប្រកួតធំៗផងដែរ។
គួរបញ្ជាក់ផងដែរថា Mobile Legends: Bang Bang គឺជាប្រភេទហ្គេមទូរស័ព្ទដែលមានភាពល្បីល្បាញផងដែរ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តលេងកីឡាអេឡិចត្រូនិកនៅព្រះរាជាណាចក្រកម្ពុជា។
ឆាប់ៗខាងមុខនេះពានរង្វាន់ថ្នាក់អន្តរជាតិដែលមានឈ្មោះថា M2 World Championship នោះនឹងត្រូវធ្វើឡើងនៅប្រទេសសឹង្ហបុរីដោយមានការចូលរួមពីក្រុមខ្លាំងៗជាច្រើនពីជុំវិញពិភពលោកសរុប ១២ ក្រុមមកពី ៩ ប្រទេស។ ក្នុងនោះផងដែរ ក៏មានក្រុមជើងខ្លាំងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់យើងគឺក្រុម Impunity KH នឹងចូលរួមប្រកួតលើឆាកអន្តរជាតិដ៏ធំមួយនេះ។

គួរបញ្ជាក់ផងដែរថា សមាសភាពរបស់ក្រុម Impunity KH ដែលនឹងទៅចូលរួមមានដូចជា NaiKer, BOOM, OPPI, Rookie, Hakurai និង Seobaby ព្រមទាំងមានអ្នកគ្រប់គ្រងគឺ លោក អ៉ឹង ឃាងម៉េង និងអ្នកសម្របសម្រួលគឺ លោក ឌីណា រតនារាជ នឹងចូលរួមជាមួយសមាជិកទាំង ៦ ផងដែរ។

ការធ្វើដំណើររបស់ក្រុម Impunity KH នឹងធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ដោយរាប់បញ្ចូលការធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅប្រទេសសឹង្ហបុរី។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១៕
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖





