ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ល្បីឈ្មោះ CSA Real Estate Group ដែលមានគម្រោងជាច្រើននៅក្នុងដៃ បានសម្រេចធ្វើការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិធំៗចំនួន២ រួមមានក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន APi (ATSOLUTIONS) ដើម្បីជំរុញការលក់ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងពិធីចុះអនុស្សរណៈយោគយល់កាលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក Alan Neo នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Singapore Alliance (CSA) បានមានប្រសាសន៍ថា៖
« ក្នុងនាមជាតំណាងក្រុមហ៊ុន CSA ពិតជាមានភាពរីករាយក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំង២ ដែលសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យអចលនទ្រព្យជាសកល»។
លោក Alan Neo បានមានប្រសាសន៍បន្តថា៖
« ហេតុផលដែលក្រុមហ៊ុន CSA សម្រេចចិត្តសហការជាដៃគូលក់អចលនវត្ថុស៊ីជម្រៅជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) ក៏ព្រោះតែក្រុមហ៊ុនទាំង២ សុទ្ធតែជាក្រុមហ៊ុនជំនាញដ៏ល្បីឈ្មោះលំដាប់អន្តរជាតិ និងមានបទពិសោធន៍ក្នុងការលក់ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាច្រើនជាង១០ឆ្នាំ និងទទួលបានលទ្ធផលជោគជ័យខ្ពស់។ តាមរយៈកិច្ចចុះអនុស្សារណៈយោគយល់នៅពេលនេះ ខ្ញុំជឿជាក់ថាពិតជាអាចធ្វើឱ្យទីផ្សារលក់ ជាពិសេសផ្នែកខុនដូនៅកម្ពុជាទទួលបានជោគជ័យខ្ពស់ តាមរយៈការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក»។

លោកបានបញ្ជាក់ថា អ្វីដែលសំខាន់នៅក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi នៅពេលនេះ គឺនៅមានការបំពេញបន្ថែមនូវការចែករំលែកបទពិសោធន៍ និងជំនាញទៅវិញទៅមក តាមរយៈការបណ្តុះបណ្តាលនូវចំណេះដឹង យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការលក់នៅលើទីផ្សារដែលមានភាពប្រកួតប្រជែងផងដែរ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា នៅពេលទីផ្សារអចលនទ្រព្យមានការវិវត្ត និងរីកចម្រើន ប្រទេសកម្ពុជា ត្រូវការភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ ក៏ដូចជាឈ្មួញកណ្តាលអចលនទ្រព្យដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដើម្បីបម្រើនៅក្នុងទីផ្សារជួរមុខ។
លោកស្រីបានបញ្ជាក់ថា៖
«តាមរយៈកិច្ចសហកាជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន CSA និងក្រុមហ៊ុន CBRE Cambodia ជឿជាក់ថានឹងនាំមកនូវជោគជ័យខ្ពស់សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ការធ្វើជាដៃគូនេះបានបង្ហាញឱ្យឃើញថាខ្លួនជាឧបករណ៍អាជីវកម្មដ៏មានឥទ្ធិពលបំផុតមួយក្នុងការដោះស្រាយ និងរាប់រងទីផ្សារជាមួយអតិថិជនដែលមានការភាពរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់»។

ជាមួយគ្នានេះ លោក ឆម ចំរើន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ APi (ATSOLUTIONS) បានមានប្រសាសន៍ថា៖
« ភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលក់នៅក្នុងទីផ្សារអចលនទ្រព្យ កំពុងក្លាយជាជម្រើដ៏ប្រសើរ និងឈានមុខនៅពេលបច្ចុប្បន្ននេះ ដែលអាចនាំមកនូវភាពជោគជ័យខ្ពស់នៅក្នុងទីផ្សារ ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំង»។
លោកបន្តថា៖
« APi ដែលមានសម្ព័ន្ធជាង១០ក្រុមហ៊ុនភ្នាក់ងារដទៃទៀត បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងបទពិសោធន៍ជោគជ័យជាច្រើនឆ្នាំនៅក្នុងទីផ្សារ ដែលកំពុងតែមានសក្ដានុពលមួយនេះ ដើម្បីសហការជាដៃគូគ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន CSA ហើយយើងនឹងជួយបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងអាចជំរុញការលក់ឱ្យទទួលបានភាពជោគជ័យខ្ពស់ ក៏ដូចជាជួយលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរជាងនេះបន្ថែមទៀត»៕




