ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បាននឹងកំពុងពង្រីកឱកាសទីផ្សារ ពង្រឹងទំនុកចិត្ត និងកំពុងទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ ពីសំណាក់អ្នកវិនិយោគបរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២ នៃគ្រួសារ Century 21 ប្រចាំកម្ពុជាដោយមានអ្នកចូលរួមជាង ៧០០នាក់ និងមានការផ្តល់ពានរង្វាន់ដ៏សម្បូរបែបដល់សមាជិករួមគ្រួសារ កាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ កន្លងមកថា៖
«ភាពជោគជ័យនៃការមកដល់របស់ Century21 Cambodia បានធ្វើឲ្យយើងអាចពង្រីកការិយាល័យបាន ២៣ ហើយទិសដៅរបស់យើង នឹងពង្រីកនៅគ្រប់ខ័ណ្ឌទាំងអស់នៃឆ្នាំ២០២០ និងពង្រីកសមាជិកជាភ្នាក់ងារឲ្យបាន៧០០នាក់»។
លោកស្រីបន្តថា៖
«ការលក់របស់យើងបាននឹងកំពុងកើនឡើង ហើយយើងមានជំនឿជឿជាក់ថា វិស័យនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។ តាមរយៈវត្តមានរបស់ Century21 Cambodia បានធ្វើឲ្យទីផ្សារនេះកាន់តែមានភាពប្រសើរឡើង ហើយការលក់របស់យើងបានបន្តកើនឡើង ដោយសារតែភាពស្មោះត្រង់ ការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ព្រោះយើងធ្វើការដោយបេះដូងជាមួយអតិថិជន»។

ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២នេះ ត្រូវបានរៀបចំឡើងកាន់តែធំជាងមុន ហើយវត្តមានអ្នកចូលរួមគឺមានទាំងពីរសមាជិកគ្រួសារ Century 21 នៅកម្ពុជាទាំង ២៣ក្រុមហ៊ុន និងពីសមាជិកគ្រួសារ Century 21 ពីសហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់ សឹង្ហបុរី ហុងកុង និងតំណាងស្ថាប័នឯកជនធំៗដូចជា ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងតំណាងពីធនាគារ។
លោកស្រី Grace Rachny Fong បានថ្លែងថា៖
« ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អ សម្រាប់ដៃគូរសហការណ៍បានស្គាល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក»។
លោកស្រីបន្តថា៖
«សម្រាប់អ្នកចូលរួមពីបណ្តាប្រទេសជឿនលឿនជាច្រើន នេះគឺជាលើកទីមួយដែលពួកគាត់មកប្រទេសកម្ពុជា។ កត្តានេះឆ្លុះបញ្ចាំងថា ពួកគាត់សម្លឹងឃើញឱកាសល្អ និងបានដឹងពីសក្តានុពលវិស័យអចលនទ្រព្យកម្ពុជា ហើយយើងសង្ឃឹមថា ពួកគាត់នឹងមានការសម្រេចចិត្តក្នុងការវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ»។

ការទទួលបានពានរង្វាន់របស់ក្រុមហ៊ុនជាសមាជិកគ្រួសារ Century 21 នាពេលនេះ គឺឆ្លុះបញ្ចាំងពីការតាំងចិត្តខ្ពស់របស់ម្ចាស់ក្រុមហ៊ុននីមួយៗ ក្នុងការផ្តល់សេវាកម្មអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ទីផ្សារដីធ្លី ខុនដូ បុរី និងទីផ្សារអចលនទ្រព្យផ្សេងទៀតនៅកម្ពុជា។
លោកស្រី Grace Rachny Fong បានបន្ថែមថា៖
«យើងនឹងបន្តរួមសាមគ្គីគ្នា ក្នុងការកសាងទំនុកចិត្តដល់ម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យនេះ តាមរយៈការផ្តល់ជូនសេវាកម្មអចលនទ្រព្យទាំងមុន និងក្រោយពេលទិញ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាប្រកបដោយចីរភាព»។
វិស័យអចលនទ្រព្យកម្ពុជានឹងបន្តរីកចម្រើនដោយភាពរឹងមាំ នាពេលខាងមុខទៀត ដោយសារស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជន។ តួលេខជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនសរុបនៅឆ្នាំ២០១៩ មានចំនួន ១៥,២៨ លាននាក់ គឺកើនឡើង ១៤ ភាគរយពីឆ្នាំ២០០៨ ដែលមានចំនួន ១៣,៣៩ លាននាក់។ កំណើននេះឆ្លុះបញ្ចាំងថា តម្រូវការផ្ទះ និងអគារពាណិជ្ជកម្មនឹងបន្តកើនឡើង។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជានឹងនៅរក្សាបានភាពស្វាហាប់ និងមានកំណើន៧ភាគរយក្នុងឆ្នាំ២០១៩។ ធនាគារពិភពលោកបានបង្ហាញថា វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឲ្យឃើញថា មិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧,៧ភាគរយ ក្នុងឆ្នាំ២០១៨។

លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែលជាសមាជិកការិយាល័យមួយរបស់ Century 21 Cambodia បានលើកឡើងថា៖
«កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយប្រចាំឆ្នាំ នឹងជះឥទ្ធិពលល្អដល់វិស័យអចលនទ្រព្យកម្ពុជា ស្របពេលកំណើនចំនួនប្រជាជន និងកំណើនគម្រោងវិនិយោគពីក្រៅប្រទេសមកកម្ពុជា និងបង្កើនតម្រូវការទីតាំងស្នាក់នៅ ទីតាំងអាជីវកម្ម និងទីតាំងសម្រាប់ផលិតកម្ម»។
លោក Ken Lo បន្តថា៖
« ព្រឹត្តិការណ៍ដែលប្រមូលផ្តុំការជួបជុំមហាគ្រួសារ Century 21 ជាលើកទី២ ដោយមានការផ្តល់ពានរង្វាន់បញ្ជាក់ពីសមទ្ធិផលរបស់សមាជិកនាពេលនេះ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត និងសាមគ្គីភាពរឹងមាំ ក្នុងចំណោមសមាជិកគ្រួសារ Century 21 ដែលវានឹងរួមចំណែកបង្កើនទំនុកចិត្តដល់អតិថិជន។ វាឆ្លុះបញ្ចាំងថា យើងគឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ និងជាសមាជិកមួយនៃគ្រួសារ Century 21 ដែលល្បីល្បាញជាងគេលើពិភពលោក។ វាជាសារដ៏សំខាន់មួយទៅដល់ម្ចាស់អចលនទ្រព្យនៅកម្ពុជា ឲ្យបានដឹងពីសារៈសំខាន់នៃក្រុមហ៊ុនភ្នាក់ងារស្របច្បាប់ ដែលមានយីហោទទួលស្គាល់កម្រិតអន្តរជាតិ មានចុះបញ្ជីការត្រឹមត្រូវនៅកម្ពុជា នឹងជាក្រុមហ៊ុនរួមចំណែកយ៉ាងសកម្មដល់ការបង់ពន្ធ និងបង្កើនចំណូលរដ្ឋ»។
យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងបានអនុម័តលើគម្រោងស្នើសុំវិនិយោគ លើវិស័យសំណង់ដែលមានទុនវិនិយោគសរុបជាង ៨,៧៥ ពាន់លានដុល្លារ គឺកើនឡើង ៦៧ ភាគរយធៀបនឹងរយៈ ១១ ខែដូចគ្នាឆ្នាំ ២០១៨។ ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជី និងមានសុពលភាពកំពុងប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់នៅកម្ពុជាមានចំនួន ១ ០៨១ ក្រុមហ៊ុនក្នុងនេះ មានក្រុមហ៊ុនបរទេសចំនួន៤៨៥ ក្រុមហ៊ុន គឺមកពីប្រទេសចិន កូរ៉េ ជប៉ុន ថៃ វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី បារាំង អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី អូស្រ្តាលី កាណាដា និងប្រទេសជាច្រើនទៀត។

លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា៖
«នេះជាកម្មវិធីលើកទី២ហើយ ដែលមហាគ្រួសារCentury 21 Cambodia បានរៀបចំឡើងនៅកម្ពុជា ហើយព្រឹត្តការណ៍លើកនេះ យើងមានអ្នកចូលរួមដល់ទៅជិត៧០០នាក់ ដែលរួមមានទាំងសមាជិកមហាគ្រួសារ Century 21 Cambodia និង Century 21 អន្តរជាតិ ព្រមទាំងមានការចូលរួមពីសហគ្រិនប្រចាំកម្ពុជា និងធនាគារជាដៃគូ»។
លោកបន្តថា៖
«វត្តមានចូលរួមរបស់បងប្អូនទាំងអស់គ្នា បានធ្វើឲ្យកម្មវិធីរបស់យើងមានការជួបជុំប្រកបដោយភាពសប្បាយរីករាយ»។
ប្រទេសកម្ពុជា ជាប្រទេសទី ៧៥ ដែលក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បានឈានជើងចូលក្នុងទីផ្សារដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ ចាប់តាំងពីពេលបើកសម្ពោធដំណើរការជាផ្លូវការដំបូង រហូតមកទល់ពេលនេះ យើងមានអាយុកាល ៥ ឆ្នាំហើយ។ ហើយយើងបានបម្រើសេវាកម្មទិញលក់ ជួល អចលនទ្រព្យគ្រប់ប្រភេទដល់បងប្អូនប្រជាជនខ្មែរ និងអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងៗ៕