អង់គ្លេស៖ Troy Deeney បាននិយាយថា ក្លិបកាំភ្លើងធំ Arsenal អាចនឹងបណ្ដេញលោកគ្រូបង្វឹក Mikel Arteta បើសិនលោកគ្រូបន្តដឹកនាំក្រុមឲ្យចាញ់ Burnley ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេលនេះ Arsenal កំពុងឈរនៅលេខរៀងទី១៥ក្នុងតារាង Premier League បន្ទាប់ពីប្រឈមនឹងការបរាជ័យទល់នឹង Tottenham Hotspur កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅក្នុងលទ្ធផល ២ ទល់នឹង ០ ដែល២គ្រាប់នោះរកបានដោយកីឡាករសញ្ជាតិកូរ៉េខាងត្បូង Heung Min-Son នៅនាទីទី១៣ និងគ្រាប់ទី២រកបានដោយ Harry Kane នៅនាទីទី៤៥+១ ដែលបរាជ័យនេះបានធ្វើឲ្យកៅអីរបស់លោកគ្រូបង្វឹក Mikel Arteta រង្គោះរង្គើកាន់តែខ្លាំងទៀត ដោយអ្នកវិភាគជាច្រើនបានចេញមុខនិយាយថា លោកគ្រូ Arteta អាចនឹងនៅដឹកនាំមិនបានយូរ។

កីឡាករខ្សែប្រយុទ្ធរបស់ Watford គឺ Troy Deeny គិតថា លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានរងសំពាធខ្លាំងណាស់បន្ទាប់ពីចាញ់ Spurs រួចមក។
Troy Deeney បានប្រាប់ TalkSPORT ថា៖
ខ្ញុំគិតថា Arsenal នឹងអាចបំបាក់ Spurs បានព្រោះខ្ញុំគិតថាក្លិបកាំភ្លើងធំនេះតែងតែបង្កភាពភ្ញាក់ផ្អើលជានិច្ចប៉ុន្តែវាបែរជាផ្ទុយទៅវិញ លើកនេះ Arsenal កំពុងមានបញ្ហាខ្លាំងហើយ ពួកគេកំពុងប្រឈមនឹងបញ្ហាធ្ងន់ណាស់...ខ្ញុំគិតថាបើ Arsenal បន្តចាញ់ Burnley ទៀត ពួកគេនឹងកាន់តែហានិភ័យហើយ។

គេបានបន្តទៀតថា៖
Arteta អាចនឹងរងការរិះគន់ខ្លាំងដោយសារការបរាជ័យអស់ទាំងនេះ...ខ្ញុំធានាថាបើពួកគេបន្តចាញ់ទៀត Arteta នឹងរងសំពាធណាស់ហើយគឺត្រូវគិតថាធ្វើយ៉ាងណាទើបអាចរក្សាតំណែងជាគ្រូបង្វឹកបន្តទៀតបាន។
គួររម្លឹងផងដែរថា ក្លិបកាំភ្លើងធំ Arsenal នឹងជួបជាមួយក្លិប Burnley ក្នុងក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទទី១៤ ខែធ្នូ វេលាម៉ោង ២:១៥ នាទីនេះឯង ក្នុងនោះដែរ Arsenal កំពុងឈរនៅលេខរៀងទី១៥ក្នុងតារាង Premier League ដោយមាន ១៣ ពិន្ទុក្នុងដៃ ចំណែក Burnley ឈរនៅលេខរៀងទី១៨ និងមាន ៦ពិន្ទុ៕

ប្រភព៖ thesun