ម៉ូស្គូ៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី FSB បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ីសម្រេចផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទព្យាយាមទម្លាយអាថ៌កំបាំងកងអង្គភាពនាវាភាគខាងជើង (Northern Fleet) របស់រុស្ស៊ី ទៅឱ្យទីភ្នាក់ងារស៊ើបការណ៍ CIA អាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារ FSB បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការរុស្ស៊ីនៅទីក្រុង Bryansk ភាគនិរតីរដ្ឋធានីម៉ូស្គូបានរកឃើញថា លោក Yuri Eschenko មានទោសក្បត់ជាតិកាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងត្រូវបានកាត់ទោសដាក់ពន្ធនាគារសុវត្ថិភាពខ្ពស់ រយៈពេល ១៣ឆ្នាំ។
លោក Eschenko ដែលធ្វើការនៅតំបន់ សេវែរ៉ូម៉ូសក៍ (Severomorsk) ក្នុងមុខតំណែងជាអ្នកកាន់ប្រព័ន្ធវិទ្យុអេឡិចត្រូនិច នៅលើនាវាកងអង្គភាព Northern Fleet បានសារភាពកំហុសខ្លួន ហើយក៏បាននិយាយថា លោកពិតជាសោកស្តាយចំពោះអ្វីដែលបានធ្វើ។
គួរជម្រាបថា លោក Eschenko ត្រូវទីភ្នាក់ងារ FSB រកឃើញ ថាបានលួចចម្លងឯងសារសំងាត់ទាក់ទងទៅនឹងប្រព័ន្ធអាវុធ ដែលកងអង្គភាព Northern Fleet ប្រើប្រាស់ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ក្នុងគោលបំណងលក់ព័ត៌មានទៅឱ្យភាគីទីបី។ ហើយនៅខែកក្កដា ឆ្នាំ២០១៩ លោកត្រូវបានឃាត់ខ្លួននៅតំបន់សេវែរ៉ូម៉ូសក៍ ខណៈពេលព្យាយាមទាក់ទងជាមួយទីភ្នាក់ងារស៊ើបការណ៍ CIA អាមេរិក ដើម្បីផ្តល់ព័ត៌មានសម្ងាត់៕

