តូក្យូ៖ ទីក្រុងតូក្យូប្រទេសជប៉ុន បានត្រៀមប្រកាសកម្រិតអាសន្នខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈករណីឆ្លងថ្មីបានបន្តកើនឡើងលើសពី ៥០០ករណី ហើយអភិបាលក្រុងព្រមានថា ករណីឆ្លងនឹងកើនឡើងកាន់តែច្រើន ប្រសិនបើមិនមានវិធានការការពារឱ្យទាន់ពេលវេលាទេនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃពុធថា រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ដោយការសម្លឹងឃើញថា ករណីឆ្លងថ្មីៗអាចនឹងកើនឡើងដល់ ១,០០០ករណី ក្នុងមួយថ្ងៃ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Katsunobu Kato ក៏បានឱ្យដឹងដែរថា រដ្ឋាភិបាលមិនទាន់ប្រកាសស្ថានភាពអាសន្នភ្លាមៗទេ ប៉ុន្តែនឹងបន្តតាមដានអត្រាឆ្លងជាក់ស្តែង ក៏ដូចជាមើលទៅលើលទ្ធភាពមន្ទីរពេទ្យ ក្នុងការព្យាបាលអ្នកជំងឺ។
គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ ទូទាំងប្រទេសជប៉ុនមានករណីឆ្លងថ្មីជាង ២,០០០ករណី ដោយក្នុងទីក្រុងតូក្យូមានជិត ៥០០ករណី។ ហើយគិតមកត្រឹមថ្ងៃនេះ ជប៉ុនមានករណីឆ្លងជំងឺកូវីដ-១៩សរុប ១២០,៨១៥ករណី ជាមួយករណីស្លាប់ ១,៩១៣ករណី៕


