ថ្មីៗ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ ស្ដីពីភាពជាដៃគូ ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Nabeshima Katsuhito ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន បានបង្ហើបថា៖ «ប្រជាជនជប៉ុនចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជាលើចំណុចដែលប្រជាកសិករដាំដុះបន្លែ និងដំណាំផ្សេងៗនោះមិនសូវប្រើជីគីមី ឬសារធាតុដែលនាំឱ្យប៉ះពាល់ដល់សុខភាព ខណៈផ្ទៃដីកសិកម្មនៅកម្ពុជាក៏ធំទូលាយ និងសម្បូរធនធានទឹកសម្រាប់ស្រោចស្រពច្រើនផងដែរ ដូចជាទន្លេសាប និងបឹងទន្លេសាប ទន្លេមេគង្គជាដើម ដែលប្រការនេះពិតជាអំណោយផលដល់ការដាំដុះដំណាំខ្លាំងណាស់»។
យ៉ាងណាលោកថា ដោយសារមើលឃើញប្រជាជនកម្ពុជានិយមធ្វើតែកសិកម្មតាមបែបប្រពៃណី ទិន្នផលក៏បានទាប បញ្ហាសត្វល្អិតក៏តែងតែយាយីដល់ដំណាំ ដូច្នេះទើបក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីនសម្រេចដាក់ទុនចូលរួមអភិវឌ្ឍវិស័យកសិកម្មនេះឱ្យកាន់តែទទួលបានទិន្នផលខ្ពស់ មានទីផ្សារលក់ចែកចាយគ្រប់គ្រាន់ កសិផលមានគុណភាព-សុវត្ថិភាពខ្ពស់ ហើយការដាំដុះក៏អាចជៀសផុតពីសត្វល្អិត និងរោគដំណាំនានាផងដែរ។
ប្រធានក្រុមហ៊ុនរូបនេះបន្ថែមថា ប្រជាពលរដ្ឋជប៉ុនមានការជឿទុកចិត្តចំពោះផលិតផលកសិផលដែលនាំចេញពីកម្ពុជា ឱ្យតែផលិតផលណាដាក់ថា «Made in Cambodia» គឺពួកគេពិតជានិយមចូលចិត្តទិញយកទៅទទួលទាន និងប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ។
គួរបញ្ជាក់ថា នៅពេលគម្រោងខាងលើចាប់អនុវត្ត ប្រជាកសិករអាចទិញសិទ្ធិប្រើប្រាស់បច្ចេកទេសពីក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ដើម្បីទទួលបានការជួយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ ថែទាំ និងដោះស្រាយបញ្ហានានាក្នុងពេលដាំដុះ ហើយនៅពេលទទួលបានផល ប្រជាកសិករអាចលក់ទៅឱ្យឈ្មួញ ឬក៏អាចចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនវិញផងដែរ ខណៈក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីនមានការធានាអំពីទីផ្សារ និងតម្លៃត្រឹមត្រូវជូនប្រជាកសិករ ពោលគឺមិនឱ្យប្រជាកសិករព្រួយបារម្ភអំពីបញ្ហាតម្លៃថោកហួសពេក គ្មានទីផ្សារលក់ ឬលើសតម្រូវការនោះឡើយ។
បែបនេះក្តី ប្រជាកសិករត្រូវដាំដុះបន្លែ និងដំណាំរបស់ខ្លួននៅក្នុងផ្ទះកញ្ចក់ (Green House) ព្រោះការធ្វើរបៀបនេះនឹងការពារដំណាំពីសត្វល្អិត និងរោគដំណាំផ្សេងៗ រក្សាសីតុណ្ហភាពដែលអំណោយផលដល់ការលូតលាស់ដំណាំ និងងាយស្រួលក្នុងការស្រោចស្រព ប្រមូលផល និងដាំដុះឡើងវិញផងដែរ៕

