ភ្នំពេញ៖ នាយប់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានរៀបចំកម្មវិធីសម្ភោធក្រុមចម្រៀងនារីកម្ពុជា “FGG” រួមជាមួយបទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុន ដែលមានចំណងជើង “HEART BEAT” បានដាក់ចេញជាផ្លូវការដោយជោគជ័យ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ (ជាន់ផ្ទាល់ដី) ដោយមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ដោយវត្តមានរបស់លោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា, ព្រះនាងតូច នរោត្តម ចេនណា, អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នឹងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងវត្តមានរបស់តារាកិត្តិយស និងតារាKOLs ប្រចាំប្រទេសកម្ពុជាជាច្រើនដូចជា ពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ជីមមី ម៉េង និងលោក ទ្រី ដារ៉ាវុធ, កញ្ញា រឿន ណាត បវកញ្ញាចក្រវាល ២០១៨ ប្រចាំកម្ពុជា, យុវជនសុឆន្ទៈ ធុច សាឡិ, តារាបង្ហាញម៉ូតកម្ពុជា កញ្ញា កែ ច័ន្ទកេសី, តារា TiKToK ដ៏ល្បីឈ្មោះ សុខលីន, លោក ផាត់ តាផូ និងសិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ភោធនេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ អោយកាន់តែមានគុណភាពល្អបន្ថែមទៀត។ ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុតគឺ ការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬយកលំនាំតាមពីបរទេស ទាំងសាច់ភ្លេង និងក្បាច់រាំ។ មួយវិញទៀត ក្រុមហ៊ុនចង់ជម្រុញឲ្យក្រុមចម្រៀងនារីកម្ពុជាយើង ដែលមានឈ្មោះថា “FGG” ទទួលបាននូវឳកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បីទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជនផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានប្រារព្ធនូវកម្មវិធីជ្រើសរើស “ធីតាឯកសង្រ្កាន្ត” ដែលជាសមិទ្ធិផលដ៏ជោគជ័យ នឹងមានមោទនៈភាពមួយ របស់ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ដោយមានការចូលរួមដាក់ពាក្យពី បេក្ខនារីទូទាំងប្រទេសរាប់ពាន់នាក់ ហើយអ្វីជាពិសេសទៅទៀតនោះ ក្រុមហ៊ុនទទួលបានការចូលរួមសហការ នឹងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាផងដែរ។

ក្រៅពីសកម្មភាពចូលរួមលើកស្ទួយនូវវប្បធម៌ជាតិ នឹងវិស័យសិល្បៈជាតិ ក្រុមហ៊ុនក៏បានរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៏សង្គម ដើម្បីផលប្រយោជន៏សាធារណៈតាមរយៈការធ្វើសប្បុរសធម៌ ដើម្បីជួយកាត់បន្ថយនូវការរីករាលដាល ជំងឺកូវីដ-19 កន្លងទៅ។ ជាមួយគ្នានេះផងដែរ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ក៏បានផ្តល់នូវជំនួយជា ថវិការ ចំនួន៥០ម៉ឹន ដុល្លារសហរដ្ឋអាមេរិច នឹងគ្រឿងឧបភោគ បរិភោគ ដែលគិតជាទឹកប្រាក់ចំនួន ៧៥,០០០ ដុល្លារអាមេរិច ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៏ គឺនៅតែបន្តរសកម្មភាពមនុស្សធម៌ដោយ ឧបត្ថម្ភថវិកាចំនួន ៥៨, ០០០ ដុល្លារអាមេរិច ផ្តល់ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ដើម្បីចុះជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមក៖ 099 559 099 ឬអ៊ីម៉ែល៖ [email protected]


