តាមរយៈលិខិតចុះថ្ងៃ ១១ សីហា ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ បើតាមឯកសារមន្ត្រីសាធារណៈបានកំណត់សម្គាល់ថា មន្ត្រីរាជការ និយោជិក កម្មករ ត្រូវអនុញ្ញាតឱ្យឈប់សម្រាកធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីធ្លាប់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកតាំងពីខែសីហាកន្លងទៅថា រាជរដ្ឋាភិបាលមានហេតុផលសមស្របក្នុងការផ្អាកពិធីបុណ្យនេះ ដោយសារអាជ្ញាធរមានការព្រួយបារម្ភអំពីការចម្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ដែលមានការជួបជុំនេះ។
លោកបានមានប្រសាសន៍ថា៖ «នៅក្នុងពិធីបុណ្យអុំទូកនៅកម្ពុជា មានមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីជួបជុំទស្សនាព្រឹត្តិការណ៍ប្រពៃណីនៅតាមដងទន្លេសាប និងដៃទាំងបួននៃទន្លេមេគង្គ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះបានបន្ថែមទៀតថា៖ «នៅក្នុងបរិយាកាសបច្ចុប្បន្ន វាមិនសមទេក្នុងការរៀបចំព្រឹត្តិការណ៍នេះ ជាពិសេសព្រឹត្តិការណ៍មួយដែលនឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនបែបនេះ»។
សូមបញ្ជាក់ថា ដើមឡើយពិធីបុណ្យអុំទូកគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០៕