អង់គ្លេស៖ លោក Tommy Lappin វ័យ៦៨ឆ្នាំ ជាម្ចាស់ផ្ទះជួលមួយខ្នង ស្ថិតក្នុងទីប្រជុំជន Swindon មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីឃើញផ្ទះដែលដាក់ជួល ពោរពេញទៅដោយសំរាម និងលាមកសត្វឆ្មាពាសពេញបរិវេណក្នុងផ្ទះយ៉ាងគួរឲ្យខ្ពើមរអើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់លោក Lappin បានអះអាងថា ផ្ទះរបស់លោកបានដាក់ជួលទៅឲ្យនារីគ្មានការងារធ្វើត្រឹមត្រូវពីរនាក់ តាំងពីខែវិច្ឆិកាចុងឆ្នាំ២០១៩មកម៉្លេះ ហើយថ្មីៗនេះ ពួកគេទើបតែរើចេញទាំងដែលមិនទាន់បង់ប្រាក់ថ្លៃជួលមួយចំនួន និងវិក័យប័ត្រមិនទាន់បង់សរុបប្រមាណ៨,៥០០ដុល្លារអាមេរិកផងដែរ។ ចំពោះសម្ភារក្នុងផ្ទះ គ្រឿងសង្ហារឹម កម្រាលព្រំ និងជញ្ជាំង មានការខូចខាតយ៉ាងខ្លាំង ដែលបង្ខំឲ្យលោកត្រូវចំណាយប្រាក់ប្រមាណ១៩,៥០០ដុល្លារអាមេរិក ដើម្បីជួសជុល និងសម្អាតផ្ទះឲ្យស្អាតឡើងវិញ។
ទន្ទឹមនឹងនេះដែរ លោកជឿជាក់ថា លោកនឹងមិនអាចបានប្រាក់ដែលអ្នកជួលជំពាក់ថ្លៃជួល និងថ្លៃជួសជុលផ្ទះមកវិញឡើយ ហើយលោកក៏មិនមានជំនឿចិត្តក្នុងការឡើងតុលាការដែរ។
លោក Lappin បន្ដទៀតថា មានថ្ងៃខ្លះ លោកបានព្យាយាមសុំការអនុញ្ញាតពីអ្នកជួលទាំងពីរ ដើម្បីចូលទៅពិនិត្យមើលផ្ទះ តែអ្នកជួលមិនឲ្យចូលឡើយ ដោយតែងតែមានលេសនេះលេសនោះរហូត។ ហើយតាំងពីដាក់ជួលមក លោកមិនដែលបានចូលទៅពិនិត្យម្ដងទេ។
យ៉ាងណាមិញ លោក Lappin បានទទួលទូរសព្ទពីខាងស្ត្រីជាម្ដាយរបស់អ្នកជួល ដោយនិយាយថា កូនស្រីរបស់ខ្លួននឹងសងប្រាក់ដែលជំពាក់ឲ្យអស់ តែមកទល់ពេលនេះ មិនមានដំណឹងអ្វីទៀតឡើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖