សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់សម្លាប់ និងដុតកម្ទេចសាកសពបុរសកូរ៉េខាងត្បូង ព្រមទាំងទាមទារឱ្យដាក់ទណ្ឌកម្ម ចំពោះអ្នកដែលទទួលខុសត្រូវលើរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះនៅទីក្រុងសេអ៊ូលថា បុរសកូរ៉េខាងត្បូងដែលជាមន្រ្តីជលផលបានបាត់ខ្លួនកាលពីថ្ងៃច័ន្ទ ស្ថិតនៅតំបន់ខ្សែបន្ទាត់ព្រំដែនទឹកដែលមានជម្លោះរវាងប្រទេសកូរ៉េទាំងពីរ។ ហើយមូលហេតុពិតប្រាកដ ដែលឈានដល់ការបាញ់សម្លាប់មន្រ្តីជលផលវ័យ៤៧ឆ្នាំរូបនេះ គឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
យោងតាមមេបញ្ជាការយោធាអាមេរិកប្រចាំកូរ៉េខាងត្បូងបាននិយាយកាលពីដើមខែនេះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង បានប្រកាសចេញបទបញ្ជាថ្មីឱ្យបាញ់សម្លាប់អ្នកដែលលួចឆ្លងដែនពីកូរ៉េខាងត្បូង ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
គួររម្លឹកដែរថា កាលពីខែកក្កដាកន្លងទៅ បុរសកូរ៉េខាងជើងម្នាក់ដែលភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូងអស់រយៈពេល៣ឆ្នាំ បានបង្កឱ្យមានការភ័យខ្លាចចំពោះការឆ្លងជំងឺកូវីដ១៩ ក្រោយពេលគាត់លួចឆ្លងដែនចូលទៅប្រទេសកំណើតវិញ។ វត្តមានរបស់បុរសឆ្លងដែនរូបនោះ បានជំរុញឱ្យមន្រ្តីកូរ៉េខាងជើង ត្រូវបង្ខំចិត្តបិទទីក្រុងក្បែរព្រំដែនមួយ ដោយសារខ្លាចគាត់មានផ្ទុកជំងឺកូវីដ១៩៕