ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាម្សិលមិញនេះ បានប្រកាសពីការកើនឡើងអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទូទាំងពិភពលោក រហូតដល់ទៅ ៣០៧,៩៣០នាក់ និងស្លាប់ចំនួន ៥,៥៣៧នាក់ ដោយគិតត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការកើនឡើងខ្លាំងបំផុតនេះ ភាគច្រើនបានកត់ត្រាចេញពីប្រទេសធំៗ៣ រួមមានឥណ្ឌាចំនួន ៩៤,៣៧២ករណី សហរដ្ឋអាមេរិកចំនួន ៤៥,៥២៣ករណី និងប្រេស៊ីលចំនួន ៤៣,៧១៨ករណី។ នៅក្នុងនោះ ទាំងសហរដ្ឋអាមេរិក និងឥណ្ឌាមានអ្នកស្លាប់ថ្មីជាង១,០០០នាក់ដូចគ្នា ខណៈប្រេស៊ីលមានចំនួន ៨៧៤នាក់។
សូមបញ្ជាក់ដែរថា ករណីឆ្លងថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនឡើងលើសកំណត់ត្រាចាស់របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី០៦ ខែកញ្ញា កន្លងទៅ ដែលមានចំនួនត្រឹមតែ ៣០៦,៨៥៧នាក់ប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោង។
យ៉ាងណាមិញ បើតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែបន្ដកើនឡើងក្នុងប្រទេសចំនួន៥៨ ដែលរួមមាន ប្រទេសអាហ្សង់ទីន ឥណ្ឌូណេស៊ី ម៉ារ៉ុក អេស៉្បាញ និងអ៊ុយក្រែនជាដើម។ ហើយបច្ចុប្បន្ននេះ ករណីឆ្លងសរុបទូទាំងពិភពលោក បានបន្ដកើនដល់ជាង ២៩លានករណី ដោយក្នុងនោះ ស្លាប់ប្រមាណ ៩២ម៉ឺននាក់ និងជាសះស្បើយជាង ២១លាននាក់ផងដែរ៕