អង្គការ​បារាំង​មួយជ្រើស​សិស្ស​ក្រីក្រ​នៅ​កម្ពុជា​ ជាង​ ៧០នាក់​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បង្រៀន​ជំនាញ​ IT ដោយ​ឥត​គិត​ថ្លៃ​

//s9.kh1.co/c8/c8b15e830ed36bc9ddcc01abac6548f0ea74409d.jpg
សង្គម

 ១១-កញ្ញា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

អង្គការប៉ាសឺរ៉ែលនុយមេរិក (PN) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់​ប្រទេសបារាំងដែលជួយ​ដល់​យុវជនក្រីក្រអាយុ​ក្រោម ២២ឆ្នាំដែលចង់ទទួលបានការបណ្តុះបណ្តាលបន្ថែមនូវជំនាញព័ត៌មានវិទ្យា (IT)

អង្គការប៉ាសឺរ៉ែលនុយមេរិក (PN) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់​ប្រទេសបារាំងដែលជួយ​ដល់​យុវជនក្រីក្រអាយុក្រោម ២២ឆ្នាំដែលចង់ទទួលបានការបណ្តុះបណ្តាលបន្ថែមនូវជំនាញព័ត៌មានវិទ្យា (IT)។ អង្គការនេះទទួលបានការឧបត្ថម្ភពីមូលនិធិប្រជាជន និងរដ្ឋាភិបាលបារាំង។ ក្នុងឆ្នាំនេះអង្គការខាងលើបានឧបត្ថម្ភដល់និស្សិតក្រីក្រតាមបណ្តាខេត្តនៅកម្ពុជាឲ្យទទួលបានការបណ្តុះបណ្តាល​ជំនាញ​ IT​ ចំនួន ៧៥នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហេង ពុធីរៈ មន្ត្រីទំនាក់ទំនងជាន់ខ្ពស់នៃអង្គការអង្គការប៉ាសឺរ៉ែលនុយមេរិក (PN) បានបញ្ជាក់ប្រាប់ Khmerload ថា អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ​២០០៥ មានគោលបំណងជួយអប់រំនិស្សិតក្រីក្រឲ្យមាន​ជំនាញ​ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង និងជួយដល់គ្រួសារ។

លោកថា៖ « យើង (PN) ​ និងអង្គការពាក់ព័ន្ធមួយចំនួនទៀតបានអនុវត្តន៍ និងអភិវឌ្ឍន៍គម្រោងតាំងពីឆ្នាំ ២០០៥ ហើយបន្ត​អនុវត្តរហូតដល់បច្ចប្បន្ន​ ដោយផ្តល់ឱកាសឲ្យសិស្សនៅជនបទអាចសិក្សាជំនាញអាយធី។ ហើយមកទល់ឆ្នាំ​២០២០នេះ មាននិស្សិតចំនួន ១៤៨៥នាក់ហើយ ដែលបានបញ្ចប់ការសិក្សាជំនាញ ២ប្រភេទគឺ System & Network Administration (ជំនាញគ្រប់គ្រងប្រព័ន្ធ & បណ្តាញ) និងមួយទៀត Web Programming (ជំនាញសរសេរកម្មវិធីគេហទំព័រ) ពីស្ថាប័នយើង។ ក្នុងនោះខ្ទង់ ៩០% ដែលរកការងារចិញ្ចឹម​ជីវិតបានប្រសើរ និងបានជួយដល់គ្រួសាររបស់គេបាន»។

មន្ត្រីទំនាក់ទំនងរូបនេះថា​ ដើម្បីជ្រើសរើសដោយត្រឹមត្រូវ និងយុត្តិធម៌ដើម្បីទទួលបានសិស្សដែលខ្វះខាតពិតមែននោះ ក្រុមការងារលោកបានចុះផ្សព្វផ្សាយផ្ទាល់នៅវិទ្យាល័យតាមជនបទ។

លោក ពុធីរៈ៖ «យើងត្រូវផ្សព្វផ្សាយផ្ទាល់នៅវិទ្យាល័យតាមជនបទជាមួយអង្គការជាដៃគូនៅតាមបណ្តាខេត្តនានា។ ក្រោយពីសិស្សបានដាក់ពាក្យរួច ពួកគេត្រូវប្រឡង រួចឆ្លងកាត់វគ្គសម្ភាស និងចុងក្រោយទៅមើលដល់ផ្ទះផ្ទាល់​ដើម្បីដឹងពីជីវភាពជាក់ស្តែង។ យ៉ាងណា ក្នុងឆ្នាំនេះដោយសារកូវីដ១៩ ចំណុចខ្លះយើងបានកែប្រែបន្តិចដែរ។ លក្ខខណ្ឌដែលយើងជ្រើស គឺសិស្សក្រីក្រ ហើយចង់រៀនពិតប្រាកដ ពោលគឺមិនមែនគ្រាន់តែមកធ្វើតេស្តចង់​ដឹង​សមត្ថភាពធម្មតាទេ។ ហើយពួកគាត់ត្រូវមានអាយុក្រោម ២២ឆ្នាំ ហើយត្រូវជាប់បាក់ឌុប»។​

លោកបន្ថែមថា៖ «យើងបានចុះតាមខេត្តទៅផ្ទះគាត់ផ្ទាល់។ អ្នកដែលមានជីវភាពយ៉ាប់យឺនហើយប្រឡង​ជាប់លើ​មុខជំនាញដែល​តម្រូវ គឺទទួលបានការបណ្តុះបណ្តាលជំនាញ។ ឆ្នាំសិក្សាសម្រាប់ ២០២០-២០២១នេះ យើង​ជ្រើសយកចំនួន ៧៥នាក់ ដោយពិចារណាលើសិស្សក្នុងចំណោមជាង ២០០នាក់។ យើងជ្រើសមកដោយយុត្តិធម៌​បំផុត ដោយយើងមានការប្រឡងលើមុខវិជ្ជាដូចជា គណិតវិទ្យា តក្កវិទ្យា(ភាពវ័យឆ្លាត) និងភាសាអង់គ្លេស»។

ជាការកត់សម្គាល់ អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា (PNC) និងដៃគូសហការទទួលថវិកាពីគម្រោងមូលនិធិអភិវឌ្ឍន៍​ជំនាញចំនួន ៥៨៤ ០០០ ០០០ រៀល ឬ ១៤៦ ០០០ ដុល្លារអាមេរិក ដើម្បីបណ្តុះបណ្តាលជំនាញព័ត៌មានវិទ្យា​ដល់​យុវជនខ្មែរ ដើម្បីត្រៀមខ្លួនចូលក្នុងទីផ្សារការងារនាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា អង្គការប៉ាសឺរ៉ែលនុយមេរិកកម្ពុជា (PNC) គឹជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយ​របស់ប្រទេស​បារាំង​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ មានគោលបំណងជួយយុវជនក្រីក្រ ដែលប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍​ចំនួន ៣ប្រទេសគឺ កម្ពុជា ហ្វីលីពិន និងវៀតណាម ដើម្បីបណ្តុះបណ្តាលទាំងបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុង​ឧស្សាហកម្ម​​ឌីជីថល៕

រូបភាពពី លោក ហេង ពុធីរៈ
រូបភាពពី លោក ហេង ពុធីរៈ
រូបភាពពី លោក ហេង ពុធីរៈ
រូបភាពពី លោក ហេង ពុធីរៈ
រូបភាពពី លោក ហេង ពុធីរៈ
រូបភាពពី លោក ហេង ពុធីរៈ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T