លោក សូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផលនៃការសិក្សាបច្ចេកទេសនៃគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុន China Railway International Group Co., Ltd នៅថ្ងៃ៧ ខែកញ្ញា កន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេស លើគម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។
យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា៖ គម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០ គីឡូ ម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។
លោករដ្ឋលេខាធិការបានឱ្យដឹងថា៖ ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំងបីនេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេសក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ លើសពីនេះទៀត លោករដ្ឋលេខាធិការបានបន្តថា៖ ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់៕