អ៊ុយក្រែន៖ ថ្មីៗនេះ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាម្ដាយរបស់ក្មេងពីរនាក់ បានបើកច្រកចេញបន្ទាន់របស់យន្ដហោះ និងដើរលើស្លាបយន្ដហោះយ៉ាងព្រងើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះ បានវិលត្រលប់មកពីដំណើរកម្សាន្តវិញជាមួយនឹងក្រុមគ្រួសារ តាមរយៈជើងហោះហើរពីទីក្រុង Antalya ប្រទេសតួកគី មកកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។ លុះពេលដែលយន្ដហោះចុះចត នាងបានបើកច្រកចេញបន្ទាន់របស់យន្ដហោះ និងទៅដើរលើស្លាបយន្ដហោះតែម្ដង ទាំងដែលគេប្រុងឲ្យអ្នកដំណើរទាំងអស់ចាកចេញពីយន្ដហោះទៅហើយ។
ឃើញដូច្នេះ អ្នកបើកយន្ដហោះ បានទាក់ទងទៅកាន់ប៉ូលិស និងឆ្មាំព្រំដែន ដើម្បីបញ្ឈប់សកម្មភាពដែលអាចបង្កឲ្យមានគ្រោះថ្នាក់នោះភ្លាមៗផងដែរ។
ក្រោយមក ស្ត្រីរូបនោះ បានបកស្រាយទៅកាន់ប៉ូលិសថា នាងស្អុះស្អាប់ខ្លាំងពេក ទើបសម្រេចចិត្តបើកច្រកចេញបន្ទាន់របស់យន្ដហោះ។ ទន្ទឹមនឹងនេះដែរ នាងក៏ត្រូវបានគេយកទៅពិនិត្យផងដែរ ដោយរកឃើញថា នាងមិនបានស្រវឹងស្រា ឬមានសារធាតុញៀនក្នុងខ្លួនឡើយ។ តែយ៉ាងណាមិញ ឈ្មោះរបស់នាង ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឲ្យធ្វើការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនទៀតឡើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖