បៃរូត៖ ក្រុមសកម្មប្រយុទ្ធហេប៊ូឡា (Hezbollah) របស់ប្រទេសលីបង់បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បន្ទាប់ពីវាបានហោះរំលោភចូលដែនអាកាសប្រទេសលីបង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហេប៊ូឡាបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានហោះរំលោភមកលើដែនអាកាសប្រទេសលីបង់ នៅជិតភូមិ Ayta ash Shab ស្ថិតនៅចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីតំបន់ភាគឦសានព្រំដែនអ៊ីស្រាអែល។
ក្រុមសកម្មប្រយុទ្ធនិងជាគណបក្សនយោបាយហេប៊ូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់នេះ បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ដែលត្រូវបានបាញ់ទម្លាក់នេះ គឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ ទន្ទឹមនឹងនេះ កងកំលាំងការពារជាតិអ៊ីស្រាអែលក៏បានឱ្យដឹងដែរថា យន្តហោះរបស់ពួកគេបានធ្លាក់នៅលើទឹកដីប្រទេសលីបង់ កំឡុងពេលប្រតិបត្តិការនៅតាមព្រំដែន។
គួរឱ្យដឹងដែរថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងលីបង់បានកើនឡើងខ្លាំង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេប៊ូឡាបានប្រកាសថា សមាជិកម្នាក់របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីខែកក្កដា។ ហើយដើម្បីជាការឆ្លើយតប ក្រុមហេប៊ូឡាបានចេញការព្រមានជាផ្លូវការថានឹងធ្វើការសងសឹកវិញ ស្របពេលដែលអ៊ីស្រាអែល កំពុងបង្កើនវត្តមានយោធារបស់ខ្លួន នៅតាមព្រំដែនជាប់ប្រទេសលីបង់និងស៊ីរី៕