ឥណ្ឌា៖ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសរចណ៍ Air India Express ដែលផ្ទុកមនុស្សចំនួន ១៩០នាក់ បានជួបបញ្ហាពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្ដរជាតិ Koshikode Calicut ស្ថិតក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ បានស្លាប់ និងមនុស្សប្រមាណ ៤៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្ដ្រីអាកាសរចណ៍ស៊ីវិល លោក Hardeep Singh Puri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា ជើងហោះហើរលេខ IX-1344 បានរត់ជ្រុលហួសចេញពីផ្លូវ ហើយបន្ដធ្លាក់ចូលទៅទីជម្រាលមួយចម្ងាយ៣៥ហ្វីត (ឬប្រហែលជាង១០ម៉ែត្រ) រហូតបណ្ដាលឲ្យតួនៃយន្ដហោះដាច់ជាពីរកំណាត់តែម្ដង។ ហើយនៅក្នុងចំណោមមនុស្សទាំង១៩០នាក់ រួមមានអ្នកដំណើរ១៨៤ (ទារក១០នាក់) អ្នកបើកយន្ដហោះ២នាក់ និងពហុនិកា(អូតេស) ៤នាក់ ដែលអ្នកទាំង៤ គឺមានសុវត្ថិភាព។
ដោយឡែក បើតាមព័ត៌មានដែលទទួលបានពីវេបសាយ Air India បានឲ្យដឹងដែរថា យន្ដហោះនេះគឺជាជើងហោះហើរពីទីក្រុងឌូបៃ ដែលធ្វើប្រតិបត្ដិការដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើមាតុភូមិនិវត្ដប្រជាជនឥណ្ឌា ដែលជាប់គាំងនៅបរទេស ដោយសារតែការរឹតត្បិតសម្រាប់ការធ្វើដំណើរ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។
យ៉ាងណាមិញ លោក Puri បាននិយាយទៀតថា ការស៊ើបអង្កេតជាផ្លូវការចំពោះឧបទ្ទវហេតុខាងលើនេះ ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះផងដែរ ដើម្បីស្វែងរកមូលហេតុបង្កជាក់លាក់ នៃហេតុការណ៍គួរឲ្យរន្ធត់នេះ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖