បរទេស៖ យោធាចិននិងអាមេរិកបានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តបន្ទាប់ ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលយ៉ាប់យ៉ឺនទៅៗ ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្វើពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ក៏ដូចជាបញ្ហានៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន scmp ថ្ងៃទី ៥ ខែសីហា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគេហទំព័រផ្លូវការរបស់យោធាចិន 81.cn បានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ ប្រភេទ DF-26 និង DF-16 ក្នុងពេលធ្វើសមយុទ្ធថ្មីៗនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការធ្វើតេស្តនោះទេ។
DF-26 គឺជាមីស៊ីលផ្លោងដែលអាចហោះបានរយៈចម្ងាយ ៤,០០០ គីឡូម៉ែត្រ និងមានសមត្ថភាពអាចវាយប្រហារកោះហ្គាំ (Guam) ដែលជាទឹកដីអាមេរិកនៅប៉ាស៊ីហ្វិកខាងលិច។ ចំណែក DF-16 គឺជាមីស៊ីលផ្លោងរយៈចម្ងាយជិតនិងមធ្យម ហើយជាមីស៊ីលមានសមត្ថភាពខ្លាំងបំផុតរបស់ PLA ដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅប្រទេសនៅជប៉ុន រួមទាំងមូលដ្ឋានទ័ពរបស់អាមេរិកនៅខេត្តអូគីណាវ៉ា។
ស្របពេលជាមួយគ្នានេះដែរ មេបញ្ជាការកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយកាលព្រឹកថ្ងៃអង្គារ ដែលអាចហោះបានចម្ងាយជាង ៦,០០០ គីឡូម៉ែត្រ ដោយចេញពីមូលដ្ឋានមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា មុនពេលធ្លាក់ទៅដល់ទីកន្លែងសាកល្បងមួយរបស់អាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ចេញផ្សាយកាលពីខែមិថុនា បានឱ្យដឹងថា សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែររហូតទៅដល់ទៅ ៥,៨០០គ្រាប់ ដែលច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក។
គួរឱ្យដឹងដែរថា សកម្មភាពបង្ហាញសាច់ដុំដាក់គ្នារវាងកងយោធាចិននិងអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ពិសេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅធ្វើសមយុទ្ធកាលពីប៉ុន្មានថ្ងៃមុននេះ ខណៈដែលយន្តហោះឈ្លបយកការណ៍របស់អាមេរិកបានធ្វើការហោះអង្កេតសរុបចំនួន ៦៧ដង នៅក្នុងតំបន់កាលពីខែមុន។ មិនតែប៉ុណ្ណោះ នាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកឈ្មោះថា USS Nimitz និង USS Ronald Reagan ក៏បានចូលធ្វើសមយុទ្ធនៅក្នុងដែនទឹកដែលមានជម្លោះ ស្របពេលដែលសហរដ្ឋអាមេរិកនិងអូស្រ្តាលីបានចោទប្រកាន់ថា ការទាមទារចង់គ្រប់គ្រងដែនសមុទ្រចិនខាងត្បូងរបស់ទីក្រុងប៉េកាំង គឺជារឿងដែលមិនស្របទៅនឹងច្បាប់អន្តរជាតិ៕
សូមទស្សនាវីដេអូខាងក្រោម៖