អង់គ្លេស៖ ក្លិប Aston Villa ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្មើមរបស់ Liverpool ម្នាក់ទៅរួមក្រុមគឺកីឡាករ Divock Origi ដោយលោកគ្រូបង្វឹក Dean Smith មានគម្រោងចង់បានជើងស៊ុតច្បាស់ម្នាក់មកនាំលេង នៅតំបន់ប្រយុទ្ធរបស់ក្លិបរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សAston Villa សំណាងល្អណាស់ដែលរួចខ្លួនពីតំបន់ដែលត្រូវគេកាត់ចោល ពោលគឺបញ្ចប់រដូវកាលនេះនៅលេខ១៧ ពីលើក្រុមលេខ១៨ Bournemouth តែមួយពិន្ទុប៉ុណ្ណោះ។ ក្លិបមួយនេះត្រូវបានគេមើលឃើញថាបានបង្កើតកំហុសច្រើននៅតំបន់ប្រយុទ្ធ បើទោះបីជាមានខ្សែបម្រើឆ្នើម Jack Grealish ជាអ្នកនាំលេងក៏ដោយ។ ហេតុដូចនេះហើយ ការទិញជើងស៊ុតបន្ថែមគឺជាគោលដៅមួយដែលមិនអាចអត់បានរបស់ Aston Villa ដើម្បីឲ្យបានលទ្ធផលល្អជាងនេះនៅរដូវកាលក្រោយ។
ស្របពេលជាមួយគ្នានេះកីឡាករ Divock Origi គឺជាគោលដៅដ៏ធំមួយដែលក្លិបបាតតារាងមួយនេះកំពុងព្យាយាមចរចាទិញយកមករួមក្រុម។ គួរឲ្យដឹងដែរថា Origi បង្ហាញខ្លួនឲ្យ Liverpool បាន៤២ប្រកួតនៅរដូវកាលនេះ ប៉ុន្តែភាគច្រើនដើរតួរជាកីឡាករបម្រុងប៉ុណ្ណោះ ដោយមិនអាចស៊ីដាច់តំណែងកីឡាករជួរមុខ Mo Salah, Sadio Mane និង Roberto Firmino បាន។ តារាវ័យ២៥ឆ្នាំរូបនេះរកបាន២៦គ្រាប់ ក្រោយផ្លាស់ពីក្លិប Lille របស់បារាំងមករួមជាមួយ Liverpool តាំងពីឆ្នាំ២០១៥មក៕
ប្រភព៖ dailymail