អាមេរិក៖ ទីបំផុតយានអវកាស Perseverance ត្រៀមនឹងបាញ់បង្ហោះទៅកាន់ភពអង្គារ នៅថ្ងៃព្រហស្បតិ៍នេះ។ បេសកកម្ម Mars 2020 នឹងចាប់ផ្ដើម បន្ទាប់ពីការខិតខំនិងធ្វើការជិតមួយទសវត្សរ៍ ដោយវិស្វករ អ្នកវិទ្យាសាស្ត្រ និងអ្នកឯកទេសរាប់ពាន់នាក់ នៅមជ្ឈមណ្ឌលរបស់ណាសាទូទាំប្រទេស និងដៃគូពាណិជ្ជកម្មរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយាននេះគ្រោងនឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា វេលាម៉ោង៦:៥០នាទីល្ងាច (ម៉ោងនៅកម្ពុជា) នៅតំបន់ឆក Cape Canaveral ក្នុងរដ្ឋផ្លរីដា។ ណាសានឹងផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួន និងទូរទស្សន៍របស់ណាសាចាប់ផ្ដើមនៅម៉ោង៦ល្ងាច (ម៉ោងនៅកម្ពុជា)។
រហូតមដល់ពេលនេះ របាយការណ៍ពីកងអនុសេនាធិការអាកាសទី៤៥ របស់កងទ័ពអាកាសអាមេរិក បានព្យាករណ៍ពីឱកាស៨០ភាគរយនៃលក្ខខណ្ឌអំណោយផលនៃអាកាសធាតុ សម្រាប់ការបាញ់បង្ហោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក។ ការព្រួយបារម្ភធំបំផុតគឺពពកក្រាស់។
ប្រសិនបើយានមិនអាចបាញ់បង្ហោះតាមការកំណត់ខាងលើ វានឹងអាចធ្វើទៅបានរៀងរាល់៥នាទីម្ដង អំឡុងពេលពីរម៉ោង នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើការបាញ់បង្ហោះត្រូវបានពន្យារពេលហួសថ្ងៃព្រហស្បតិ៍ វានឹងត្រូវដំណើរការសាជាថ្មីក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែសីហា។
បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ទីអវកាសអស់រយៈពេល៧ខែ យាន Perseverance គ្រោងនឹងចុះចតនៅតំបន់រណ្ដៅ Jezero Crater នៅលើភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕