យេរូសាឡឹម៖ ក្រុមហ៊ុនរបស់រដ្ឋាភិបាលអ៊ីស្រាអែល Israel Aerospace Industries (IAI) បានប្រកាសថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលប្រទេសអ៊ីស្រាអែលផលិតសម្រាប់កងទ័ពអាកាសអាល្លឺម៉ង់ បានបញ្ចប់ការហោះហើរដោយជោគជ័យលើកដំបូងកាលពីថ្ងៃអាទិត្យ ក្នុងទឹកដីប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន upi ថ្ងៃទី ២៨ ខែកក្កដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពដដែលបានបន្តថា យន្តហោះគ្មានមនុស្សបើកឈ្មោះ Heron TP ត្រូវបានគេចាត់ទុកថាជាប្រភេទយន្តហោះបើកទំនើបបំផុតរបស់ក្រុមហ៊ុន Israel Aerospace Industries ដោយសារវាអាចប្រើប្រាស់ក្នុងបេសកកម្មឈ្លបយកការណ៍ និងអាចជួយគាំទ្រដល់បេសកកម្មពិសេសផ្សេងទៀត។ ហើយមិនតែប៉ុណ្ណោះ វាក៏មានសមត្ថភាពអាចផ្ទុក និងបាញ់មីស៊ីលពីលើអាកាសមករកគោលដៅលើដីបានយ៉ាងប្រសើរផងដែរ។

ថ្លែងទៅកាន់សារព័ត៌មានមួយ លោក Moshe Levy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន (IAI) បានលើកឡើងយ៉ាងដូច្នេះថា៖
ក្រុមហ៊ុន IAI មានសេចក្តីរីករាយចំពោះការទទួលបានជោគជ័យ នូវគម្រោងអភិវឌ្ឍនិងធ្វើតេស្ត យន្តហោះគ្មានមនុស្សបើក Heron TP សម្រាប់ប្រទេសអាល្លឺម៉ង់។ ហើយយើងសូមថ្លែងអំណរគុណចំពោះដៃគូ គឺនៅក្នុងក្រសួងការពារជាតិ និងក្រុមហ៊ុន Airbus Group ដែលបានចូលសហការក្នុងគម្រោងមួយនេះ ដោយជាលទ្ធផលយើងនឹងផ្តល់ឱ្យកងទ័ពអាកាសអាល្លឺម៉ង់ នូវប្រព័ន្ធយន្តហោះទំនើប ដើម្បីបំពេញតាមតម្រូវការ ក៏ដូចជាការធ្វើប្រតិបត្តិការរបស់ប្រទេសអាល្លឺម៉ង។

គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០១៨ ក្រសួងការពារជាតិអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរយៈពេល ៩ឆ្នាំ ក្នុងទំហំទឹកប្រាក់សរុប ៦០០លានដុល្លារ ដើម្បីជួលយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើកមួយចំនួនពីប្រទេសអ៊ីស្រាអែល។ ហើយនៅក្នុងកិច្ចសន្យានោះ រួមបញ្ចូលទាំងការបណ្តុះបណ្តាល ការផ្គត់ផ្គង់ និងការថែទាំ ទៅដល់កងទ័ពអាកាសអាល្លឺម៉ង់នៅអ៊ីស្រាអែល ដើម្បីឱ្យយល់ដឹងពីរបៀបប្រើប្រាស់ដ្រូនប្រភេទនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖