បរទេស៖ ផ្កាយដុះកន្ទុយមួយដែលគេហៅថា NEOWISE បានបញ្ចេញពន្លឺនៅលើផ្ទៃមេឃ ដែលជាព្រឹត្តិការណ៍ដ៏កម្រសម្រាប់មនុស្សលោក។ ដោយអាចមើលឃើញផ្កាយដុះកន្ទុយ ដែលមានឈ្មោះជាផ្លូវការថា C/2020 F3 គឺជាឱកាសកម្រក្នុងមួយជីវិត ពីព្រោះវានឹងមិនឆ្លងកាត់ផែនដីសាជាថ្មី នៅក្នុងរយៈពេល៦,៨០០ឆ្នាំ នេះបើយោងតាមសមាគម International Dark-Sky Association។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វាជារឿងមួយដ៏កម្រ សម្រាប់ផ្កាយដុះកន្ទុយដែលអាចមើលឃើញដោយភ្នែកទទេ។ ផ្កាយដុះកន្ទុយ Hale-Bopp ដែលអ្នកជំនាញចាត់ទុកថា ជាផ្កាយដុះកន្ទុយដ៏អស្ចារ្យចុងក្រោយ ត្រូវបានគេមើលឃើញ នៅឆ្នាំ១៩៩៧ ដែលអាចមើលឃើញរយៈពេលមួយឆ្នាំកន្លះ។ ចំណែកផ្កាយដុះកន្ទុយ NEOWISE វិញមិនត្រូវបានគេចាត់ទុកថា ជាផ្កាយដុះកន្ទុយដ៏អស្ចារ្យប៉ុន្មានទេ បើទោះបីជាគេអាចមើលឃើញវាក៏ដោយ។

កាលពីថ្ងៃទី៣ខែកក្កដា ផ្កាយដុះកន្ទុយ NEOWISE បានធ្វើដំណើរទៅកៀកព្រះអាទិត្យបំផុត។ ដើម្បីអាចស្វែងរកទីតាំងរបស់វានៅលើផ្ទៃមេឃ អ្នកជំនាញមកពីទស្សនាវដ្ដី Sky & Telescope បានផ្ដល់ជាគន្លឹះដូចខាងក្រោម៖
· មុនថ្ងៃទី១៤ ខែកក្កដា ពេលវេលាល្អបំផុត ដើម្បីមើលផ្កាយដុះកន្ទុយគឺមុនពេលថ្ងៃរះ។ ប៉ុន្តែចាប់ពីថ្ងៃទី១៤ទៅ អ្នកទំនងជាអាចមើលឃើញផ្កាយដុះកន្ទុយនេះនៅលើមេឃពេលល្ងាច។
· នៅពេលធ្វើដំណើរឃ្លាតឆ្ងាយពីផែនដី និងកាន់មកកៀកផែនដីវិញ ផ្កាយដុះកន្ទុយអាចនឹងពិបាកនឹងមើល ប៉ុន្តែអ្នកត្រូវតែច្បាស់ថា ទីតាំងរបស់អ្នកមិនមានការរំខានដោយពន្លឺ ដូចជាអំពូលភ្លើងផ្សេងៗ មកពីរថយន្តនិងតាមផ្ទះនានា។
· អ្នកអាចចាប់ផ្ដើមស្វែងរកវា បន្ទាប់ពីព្រះអាទិត្យលិចជិត១ម៉ោង នៅជើងមេឃនៃទិសខាងជើងឆៀងខាងលិច ខណៈពេលផ្ទៃមេឃនឹងប្រែជាងងឹត។
· នៅថ្ងៃទី២៣ ខែកក្កដា ផ្កាយដុះកន្ទុយនឹងស្ថិតនៅជិតផែនដីបំផុត ប៉ុន្តែពេលនោះអ្នកប្រហែលជាត្រូវការកែវយឹតឬតេឡេទស្សន៍។
· វិធីដ៏ល្អបំផុតសម្រាប់ស្វែងរកទីតាំងរបស់វា គឺប្រើកម្មវិធីស្វែងរកផ្កាយដុះកន្ទុយ នៅលើទូរសព្ទដៃ៕