អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងរៀបគម្រោងផ្ទេរយកខ្សែការពារ Malang Sarr ដែលកីឡាកររូបនេះ ទើបនឹងផុតកុងត្រាជាមួយក្រុម Nice ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាសែតអេស្ប៉ាញ Marca បានបញ្ជាក់ថា Arsenal ជាក្លិបមួយស្ថិតក្នុងចំណោមក្លិបឯទៀត ដែលចាប់អារម្មណ៍ទៅលើកីឡាករ Sarr ខណៈក្រុមជើងខ្លាំងនៅអាល្លឺម៉ង់ RB Leipzig ក៏មានបំណងចង់ផ្ទេរយករនាំងការពាររូបនេះផងដែរ។
Sarr បច្ចុប្បន្នកំពុងនៅទំនេរ មិនទាន់មានក្លិបជ្រកកោននៅឡើយទេ ដោយកុងត្រារបស់គេ បានផុតកំណត់ជាមួយក្រុម Nice កាលពីចុងខែមិថុនាកន្លងទៅ ដូច្នេះមានន័យថា នៅទីផ្សាររដូវក្ដៅខាងមុខ ក្លិបផ្សេងៗទៀតអាចចូលចែចូវយកកីឡាករវ័យ២១ឆ្នាំរូបនេះបាន ដោយមិនមានតម្លៃខ្លួន។
គួរឲ្យដឹងដែរថា Sarr បានដើរតួយ៉ាងសំខាន់ ក្នុងតំបន់ការពារកណ្ដាលរបស់ក្រុម Nice រដូវកាលនេះ ពោលគេចូលលេងបាន១៦ប្រកួត ក្នុងនោះគេជួយក្រុមបញ្ចប់រដូវកាលទៅ ដោយឈរចំណាត់ថ្នាក់លេខ៥ នៅក្របខណ្ឌ Ligue 1 ៕
ប្រភព៖ dailymail