អ្នកណាមិនស្គាល់ ​កា​ធឺរីន ដែលចូលចិត្តនិយាយរឿងផ្លូវ.ភេទ ក្នុងហ្វេសប៊ុក តើវាជារឿងអា.ស.អាភាស ឬរឿងល្អ?

//s5.kh1.co/94/9408924c62f040fae85aa4d2fc2259c2393492fc.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

មនុស្ស​ភាគ​ច្រើន​នៅ​ពេល​ដែល​និយាយ​ទៅ​ដល់​រឿង​បញ្ហា​សុខភាពផ្លូវ​ភេទ ច្រើន​តែ​គិត​ថា​ជា​រឿង​ដែល​មិន​គួរ​និយាយ​នៅ​កន្លែង​សាធារណៈ ហើយ​ក៏​មិន​ព្រម​បើ​ក​ចិត្ត​ទទួល​យក​ការ​ចែក​រំលែក​របស់​អ្នក​ដទៃដូចគ្នា​ដែរ។​

ភ្នំពេញ៖ ជាការពិត​​បញ្ហាអប់​រំ ​ ទាក់​ទងនឹង​​​ចំណេះ​ដឹងសុខភាព​​​ផ្លូវ​ភេទ​ គឺពិត​ជា​រឿង​មួយ​ដែល​សំខាន់ ​មិន​ថា​ចំពោះ​បុរសឬស្រ្តី​នោះទេ គឺគួរ​តែស្វែង​យល់​ឲ្យ​​បានច្រើន​ អំពី​បញ្ហា​នេះ។ តែផ្ទុយ​ទៅ​វិញ ​​​មនុស្ស​ភាគ​ច្រើនបែរជា​​គិត​ថា គ្មាន​​ប្រយោជន៍ ហើយ​គិត​ថា​វា​ជា​រឿង​ដែល​គួរឲ្យ​ខ្មាស់​អៀន​ ​និង​​មើល​រំលងទៅ​វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ ​ខ្មែរឡូត​សូម​នាំ​អារម្មណ៍ ​ទស្សនិកជន​ទាំងអស់​គ្នា ​មកតាម​ដាន ​កិច្ច​សម្ភាសន៍​ ជាមួយ​នឹង​វាគ្មិន​មួយ​រូ​បកញ្ញា ​កា​ធឺរីន ​ដែល​ជា​អ្នក​ធ្វើ​វីដេអូ​អប់​រំ​ ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ​ ​ដែល​អ្នក​គ្រប់​គ្នាបាន​ស្គាល់​កញ្ញា ​តាម​រយៈឈ្មោះថា​​​A dose of Cath ​ បាន​ឲ្យ​ដឹងថា ​មូល​ហេតុ​ដំបូង​ដែល​កញ្ញា ​ចាប់​ផ្តើ​​​ម​ធ្វើ​វី​ដេអូអប់រំ​ទាក់​ទងនឹង សុខភាព​​​ផ្លូវ​ភេទ​​​គឺ ​ចាប់​ផ្តើម​តាំងពី​ពេលដែល ​កញ្ញា​ធ្វើ​ការ ​នៅ​ក្នុង​អង្គការ​មួយ​ ក្នុងពេល​នោះ​ កញ្ញា​បានមើលឃើញ​ថា ​​បញ្ហាសុខភាព​បន្ត​ពូជ​នេះ ​មិន​សូវ​មាន​អ្នកលើកយក​មក​និយាយ​នោះទេ ​ក្រៅពីតាម​​អង្គការ​។

  កញ្ញា ​កា​ធឺរីន
  កញ្ញា ​កា​ធឺរីន

កញ្ញា ​កា​ធឺរីន ​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​ដែល​​ចាប់​ផ្តើម​ធ្វើ​ដំបូងៗ ​ក៏​បាន​ជួប​នៅ​ឧបសគ្គ​ច្រើន​ ទាក់​ទង​និង​មតិ​រិះ​គន់ ​ដោយ​សារ​តែ​ខ្លួន​ជា​ស្រី ​ហើយ​លើកយក​បញ្ហាទាំងនេះ​យកមក​និយាយ​ ដែល​មនុស្សភាគច្រើន​គិតថា​ ​វា​ជា​រឿង​ដែល​អាសអាភាស ហើយប្រៀប​ដូចជា​បំផ្លាញ ​នៅ​វប្បធម៌ខ្មែរ​ដូច្នេះ​ដែរ។ តែស្រប​ពេលជាមួយគ្នា​នោះ ​ក៏​មាន​មតិសរសើរ​ និង​លើកទឹក​ចិត្តឲ្យកញ្ញា ​បន្តទៅ​ទៀតផងដែរ។

រូបតំណាង
រូបតំណាង

តែ​បើ​ទោះបី​ជា ​ទទួល​រង​នៅ​ការ​រិះ​គន់ ​ខ្លះ​ក៏​ពិត​មែន​តែ​កញ្ញា ​ក៏ព្រម​ទទួល​យក​ ហើយ​គិត​ថា​វាជា​រឿង ​ដែល​វិជ្ជមាន​ទៅ​វិញ​។ ព្រោះបើ​សិន​ ​មាន​តែមតិ​យល់​ស្រប ​គ្មាន​មតិរិះគន់ទេនោះ ​​មានន័យ​ថា​ប្រធាន​បទ​ទាំងនោះ ​ហាក់​បីដូច​ជា​គ្រប់​គ្នា​បាន​ដឹង​ ហើយវាក៏​ប្រៀប​បាន​ជា ​រឿង​ធម្មតាចំពោះ​​អ្នក​គ្រប់​គ្នា​ទៅ​វិញ។ តែ​ប្រសិន​បើ​មាន​ការ​​​រិះ​គន់ ​ក៏​ចាប់​ផ្តើម​មាន​ការ​ពិភាក្សា​គ្នា ហើយក៏ចាប់​ផ្តើម​មាន​ការ​ថ្លឹង​ថ្លែង ​ថា​បែបនេះ​ទើប​ត្រូវ ឬ​បែបនោះ​ទើប​ល្អ​ ព្រោះ​ទាល់​តែ​មាន​ការពិភាក្សា​ ទើប​មាន​ជាការ​ផ្លាស់​ប្តូរដូចគ្នា​ដែរ។  

រូបតំណាង
រូបតំណាង

ជារួមក្នុង​មួយរយៈចុងក្រោយ​នេះ​ គេ​សង្កេតឃើញ​ថា​ ការ​យល់​ដឹង​របស់​យុវវ័យ ​ក៏​ដូចជា​ស្ត្រី​ នៅ​ក្នុង​ប្រទេស​កម្ពុជា ទាក់​ទង​នឹងបញ្ហា​សុខភាព​បន្តពូជ ក៏​ចាប់​ផ្តើម​មាន​ការកើន​ឡើង​។ ព្រោះ​​មាន​មនុស្ស​ជា​ច្រើនផ្សេង​ទៀត ​ចាប់​ផ្តើម​បើក​ចិត្ត និង​លើក​យក​បញ្ហា​នេះ ​មក​ជជែក​ពិភាក្សា​គ្នា​ ហើយ​វា​ក៏​ចាប់​ផ្តើម ​ក្លាយ​ទៅ​ជា​រឿង​ដែល​ធម្មតា​ ​ចាប់​ផ្តើម​បញ្ជ្រៀប​ចូល​មក បន្តិច​ម្តងៗ​។ ព្រោះ​មិនថា​តែ ​អ្នក​ធ្វើ​វីដេអូ​អប់​រំ ​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ផ្លូវភេទនេះ ​មាន​ការ​កើនឡើង​ប៉ុណ្ណោះ​ទេ សូម្បី​តែ​​ក្រសួង​អប់​រំ​ ក៏​បានចាប់​ផ្តើមបង្កើត ​កាល​វិភាគសិក្សា​ជ្រៀប​បញ្ចូលទាក់​ទង​នឹង សុខភាព​បន្ត​ពូជ​នេះ ទៅ​កាន់​សិស្សានុសិស្ស​ ឲ្យ​បាន​យល់​ដឹងច្រើន​ជាង​មុន​។

  កញ្ញា​ កា​ធឺរីន ពេល​ចូល​រួម​សិក្ខាសាលានៅ​បរទេស
  កញ្ញា​ កា​ធឺរីន ពេល​ចូល​រួម​សិក្ខាសាលានៅ​បរទេស

ងាកមក​វិញ​បើ​និយាយ​ពី​​ ​កា​រធ្វើ​វីដេអូ​អប់​រំ​ ទាក់​ទងនឹង​បញ្ហា​បន្ត​ពូជ​នេះ ​កញ្ញា ​កា​ធឺរីន មិន​ត្រឹម​តែ​មាន​ការ​ទទូល​ស្គាល់ តែ​ពីសំណាក់​សារព័ត៌មាន​ និង​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ស្រុក​ ប៉ុណ្ណោះ​ទេ​ តែ​កញ្ញា​ក៏​ធ្លាប់​បាន​ សារព័ត៌មាន​បរទេស ​ធ្វើ​ការ​ចុះផ្សាយ​។ បន្ថែម​ពីនេះ កន្លងមក​កញ្ញាក៏​ធ្លាប់​ត្រូវ​បាន​ ខាង​អង្គការ​យូនីស្កូ អញ្ជើញឲ្យ​ទៅ​ក្រៅ​ប្រទេស​​ចូល​រួម សិក្ខារសាលាទាក់​ទង​នឹង​ សុខភាពបន្ត​ពូជ​នៅ​ប្រទេ​សទួកគីផងដែរ។  

  កញ្ញា​ កា​ធឺរីន
  កញ្ញា​ កា​ធឺរីន

ជា​ចុង​បញ្ចប់ កញ្ញា​ កា​ធឺរីន ក៏​មាន​ជា​សារផ្តាំផ្ញើខ្លះ​ៗ ​ទៅកាន់ប្រជា​ពលរដ្ឋខ្មែរ​ ថា​បញ្ហា​សុខភាពបន្ត​ពូជនេះ ​គឺ​ជា​បញ្ហា​ដ៏សំខាន់ ​សម្រាប់​​យើង​ទាំង​អស់គ្នា​ គួរ​តែមាន​ការ​យល់​ដឹង ក៏ដូច​ជា​បើ​ក​និយាយ​ដោយ​បើ​កចំហរ។ ព្រោះ​ប្រសិន​បើ​យើ​ង មិន​លើក​យក​បញ្ហាទាំងនេះ ​យក​មក​ពិភាក្សា​និ​ងចែក​រំលែក​ទេ នោះ​យុវវ័យ​គាត់មិន​បាន​យល់​ដឹង​ ហើយ​ក៏មិន​ចេះ ​ការពារ​ខ្លួន​ឯ​ងដូចគ្នា​ដែរ៕ 

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T