ប៉ាគីស្ថាន៖ រដ្ឋមន្រ្តីអាកាសចរណ៍របស់ប៉ាគីស្ថាន បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា អាកាសយានិកស៊ីវិលជិត ៣០%នៅក្នុងប្រទេសប៉ាគីស្ថានប្រើប្រាស់អាជ្ញាប័ណ្ណក្លែងក្លាយ និងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបញ្ជាម៉ាស៊ីនយន្ដហោះនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Ghulam Sarwar Khan បាននិយាយថា អាកាសយានិក(ពីឡុត)ចំនួន ២៦២នាក់ ក្នុងចំណោម ៨៦០នាក់ មិនបានប្រឡងដោយខ្លួនឯងនោះទេ គឺពួកគេបានចំណាយប្រាក់ ដើម្បីជួលអ្នកផ្សេងឲ្យប្រឡងជំនួស ហើយពួកគេមិនមានបទពិសោធន៍ចំពោះការហោះហើរឡើយ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានឲ្យពីឡុតចំនួន ១៥០នាក់ ដែលកាន់អាជ្ញាប័ណ្ណក្លែងក្លាយធ្វើការសាកល្បងបើក ហើយក៏ទទួលបានលទ្ធផលភ្លាមៗផងដែរ។
ជាមួយគ្នានេះ លោក Abdullah Hafeez អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានប្រាប់សារព័ត៌មាន The Associated Press ថា៖
យើងនឹងធ្វើឲ្យប្រាកដម្ដងទៀត ចំពោះអ្នកបើកយន្ដហោះដែលគ្មានសមត្ថភាព ព្រោះអាជ្ញាប័ណ្ណក្លែងក្លាយមិនត្រឹមតែជាបញ្ហាសម្រាប់ PIA ប៉ុណ្ណោះទេ ប៉ុន្ដែវាត្រូវបានផ្សព្វផ្សាយពាសពេញឧស្សាហកម្មអាកាសចរណ៍ប៉ាគីស្ថានទាំងមូល។
លោក Abdullah Hafeez បានបន្តថា ការសម្រេចចិត្ដនេះត្រូវបានធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតទៅករណីធ្លាក់យន្ដហោះ ដែលបានសម្លាប់មនុស្ស ៩៧នាក់ នៅភាគខាងត្បូងទីក្រុងការ៉ាជី កាលពីថ្ងៃទី ២២ ខែឧសភាកន្លងទៅ ដោយយើងបានរកឃើញថា មានពីឡុតមួយចំនួនកំពុងកាន់អាជ្ញាប័ណ្ណក្លែងក្លាយ៕


