ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង ហ្វូណន មីក្រូហិរញ្ញវត្ថុ បានរៀបចំពិធីសម្ពោធជាផ្លូវការ ភាពជាដៃគូអាជីវកម្មសេវាធានារ៉ាប់រងអាយុជីវិត (Bancassurance)។ ពិធីសម្ពោធជាផ្លូវការនេះ ជាសេចក្តីប្រកាសជាផ្លូវការនៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដល់អតិថិជនទំាងអស់របស់ ហ្វូណន នៅគ្រប់សាខាទូទាំងប្រទេស។ ចាប់ពីឥឡូវនេះទៅ អតិថិជនដែលមានកម្ចីជាមួយ ហ្វូណន នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពី សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីជួយរ៉ាប់រងលើបំណុល និងធានាទ្រព្យបញ្ចាំរបស់គ្រួសារ ក្នុងករណីដែលមិនអាចរកប្រាក់ចំណូលបាន ដោយសារហេតុអកុសលកើតឡើង ដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖
«យើងខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់អាជ្ញាប័ណ្ណលើកិច្ចព្រមព្រៀងជាដៃគូនេះ។ ភាពជាដៃគូនេះ នឹងផ្តល់ជូនអតិថិជនរបស់ ហ្វូណន អាចប្រើសេវាធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីការពារ គ្រប់គ្រង ផ្ទេរហានិភ័យហិរញ្ញវត្ថុ និងទ្រព្យបញ្ចាំគ្រួសារផងដែរ។ យើងនឹងប្តេជ្ញាបន្តបង្កើត ក៏ដូចជាពង្រឹងផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវតិរបស់យើង ឲ្យកាន់តែប្រសើរដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងប្រជាជនកម្ពុជា»។

មិនតែប៉ុណ្ណោះ លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានមានប្រសាសន៍ថា៖
«ហ្វូណន បានបង្កើនផលប័ត្ររបស់ខ្លួនយ៉ាងជាប់លាប់ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុដ៏សម្បូរបែបសម្រាប់អតិថិជន ហើយភាពជាដៃគូនេះ គឺជាជំហានមួយទៀតស្របទៅនឹងគោលដៅរបស់យើង»។
លោកក៏បានបន្ថែមទៀតថា៖
«នេះ គឺជាការអភិវឌ្ឍដ៏អស្ចារ្យមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់អតិថិជន និងយើងគ្រប់គ្នា។ ភាពជាដៃគូនេះ នឹងជួយដល់គ្រួសារកម្ពុជារបស់យើងនូវជម្រើសសេវា និងផលិតផលជាច្រើន ដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុចម្បងរបស់ពួកគេ ព្រមទំាងផ្តល់នូវគុណតម្លៃល្អ តាមរយៈដំណោះស្រាយជាច្រើន»។





