នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន បានស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ១៩ ខណៈកន្លងទៅកម្ពុជាមានករណីឆ្លងថ្មីចំនួន០២នាក់ពីក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា៖
«សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ–១៩។ កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ–១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ–១៩ ថ្មីចំនួន២នាក់មកវិញ»។
សម្ដេចបន្តថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ–១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់(៣២៧,៨២១)។ ជាមួយគ្នានេះ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ប្រទេស។
សម្ដេចបានបញ្ជាក់បន្ថែមថា៖ «ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ក្នុងនោះត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ គឺត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុលឬ ជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ»។
សម្ដេចបានណែនាំថា កន្លែងណាដែលមិនចាំបាច់ទៅសូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន៕