រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងឡាយណា ដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពី ផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) បើទោះកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងលិខិតចុះថ្ងៃ ១៨ ឧសភា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីដើមចមថា ក្រោយពីកូវីដ ១៩នៅកម្ពុជាសះស្បើយអស់ អាជ្ញាធរសង្កេតឃើញថា ពលរដ្ឋមិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ ខណៈនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់អាហារដ្ឋាន និងភ្ញៀវ ដោយពុំអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតដដែលបន្ថែមថា ដើម្បីទប់ស្កាត់កូវីដ១៩ អាហារដ្ឋានទាំងអស់ត្រូវ៖
១. គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីផែនការទប់ស្កាត់កូវីដ១៩
២. ត្រូវមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅពីមុខច្រកចូល-ចេញ និងត្រូវមានបុគ្គលិកវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលអាហាររដ្ឋាន
៣. ត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អាជ្ញាធរថា បើករណីម្ចាស់អាហារដ្ឋាន មិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មរបស់ពួកគេជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា មកទល់ថ្ងៃ ១៨ ឧសភានេះ កម្ពុជាបានព្យាបាលជាសះស្បើយនូវអ្នកជំងឺកូវីដ១៩ ទាំងអស់ចំនួន ១២២នាក់ និងពុំមានករណីថ្មីឡើយ។ បើទោះបែបនេះក្តី អាជ្ញាធរពាក់ព័ន្ធម្តងហើយម្តងទៀត បានចេញសេចក្តីណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ព្រោះបារម្ភពីការផ្ទុះឡើងនៃជំងឺនេះជាលើកទី២៕