ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីណែនាំ ដោយប្រាប់ឲ្យអ្នកប្រើបណ្តាញសង្គមទាំងអស់ បញ្ឈប់នូវការផ្សព្វផ្សាយគ្រប់រូបភាព (សារជាសំឡេង/អក្សរ និងវីដេអូ) ដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូវ និងកិត្យានុភាពរបស់សង្គមជាតិចាប់ពីថ្ងៃ ៨ ឧសភាតទៅជាកំហិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងលិខិតចុះថ្ងៃដដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្ថែមថា បើក្នុងករណីដែលបុគ្គល ឬក្រុមណាដែលនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានខាងលើ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នឹងសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ចាត់វិធានការដោយអនុលោមតាម ក្រមសីលធម៌នៃអ្នកសិល្បៈ។
ជាការកត់សម្គាល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ការចេញសេចក្តីណែនាំបែបនេះ ធ្វើឡើងក្រោយក្រសួងសង្កេតឃើញថា កន្លងមកមានអ្នកប្រើប្រាស់ គេហទំព័រ និងបណ្តាញសង្គមមួយចំនួន ពិសេសអាជីវករតាមប្រព័ន្ធអនឡាញ អ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្តែងក្រៅប្រព័ន្ធបានផ្សព្វផ្សាយរូបភាព សារជាអក្សរ/សំឡេង និងវីដេអូប្រកបដោយអសីលញាណ ប្រាសចាកក្រមសីលធម៌បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិជារឿយៗផងដែរ៕