បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បានប្រកាសថា វ៉ាក់សាំងការពារពីជំងឺកូវីត១៩ ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យស្រាវជ្រាវ Oxford នឹងត្រូវចាប់ផ្តើមធ្វើតេស្តចាក់លើមនុស្សនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីជំងឺរាតត្បាតកូវីត១៩ លោកម៉ាត់ ហានខក់ បានលើកឡើងនូវការគាំទ្ររបស់រដ្ឋាភិបាល ចំពោះគម្រោងវ៉ាក់សាំងចំនួនពីរនៅចក្រភពអង់គ្លេស ដែលមួយត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យស្រាវជ្រាវ Oxford និងមួយផ្សេងទៀតនៅឯសាកលវិទ្យាល័យស្រាវជ្រាវ Imperial College London ។

លោក ម៉ាត់ ហានខក់ បានឱ្យដឹងទៀតថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្តល់មូលនិធិចំនួន ២០ លានផោន (២៤.៥ លានដុល្លារ) ដល់សកលវិទ្យាល័យសម្រាប់ស្រាវជ្រាវវ៉ាក់សាំងការពារជំងឺកូវីត១៩ ហើយប្រសិនវ៉ាក់សាំងនេះពិតជាមានប្រសិទ្ធភាពមែននោះ រដ្ឋាភិបាលដាក់នឹងឱ្យប្រើប្រាស់សម្រាប់ប្រជាជនអង់គ្លេស ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ទន្ទឹមគ្នានេះ លោក ហានខក់ ក៏បានព្រមានដែរថា ការធ្វើតេស្តវ៉ាក់សាំងចាក់លើមនុស្សនៅពេលខាងមុខនេះ គឺមិនប្រាកដថានឹងជោគជ័យនៅឡើយទេ ហើយប្រសិនបើវាបរាជ័យ នោះយើងនឹងបង្កើតវ៉ាក់សាំងថ្មីតាមរូបមន្តផ្សេង រួចធ្វើតេស្តបន្តទៀត ព្រោះនេះគឺជាធម្មជាតិនៃរបៀបបង្កើតវ៉ាក់សាំង៕
