ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនារសៀលថ្ងៃ ២០មេសា ម្សិលមិញនេះ បានចេញមុខបំភ្លឺជូនសាធារណ:ជន ទាក់ទិនការបង្ហោះរូបភាព និងខ្លឹមសារព័ត៌មាននៅលើបណ្តាញសង្គមស្តីពីករណី មានសត្វ(ខាំ)ប្រជាពលរដ្ឋដែលចុះលេងទឹកនៅក្នុងស្ទឹង ឬអូរនៅមូលដ្ឋានខ្លះនៃស្រុកសំឡូត ខេត្តបាត់ដំបង រហូតបណ្តាលឲ្យដាច់សាច់ មានរបួសស្លាកស្នាមលើដៃ ជើង និងខ្លួនប្រាណផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាជ្ញាធរខេត្តបញ្ជាក់ថា ក្រុមការងារខ្លួនបានទាក់ទងទៅលោកវរសេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដើម្បីបំភ្លឺរឿងនេះ។ ហើយជាការឆ្លើយតប លោកអធិការបានឲ្យដឹងថា ករណីខាងលើគឺ បង្កឡើងដោយសត្វកំពត(ត្រីក្រពត)ដែលស្ថិតនៅក្នុងទឹកអូរ ឬទឹកស្ទឹងនៃមូលដ្ឋានខ្លះក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ លោកកោ ស៊ុនកាំងបន្ថែមថា បញ្ហានេះពីមុនមកក៏ធ្លាប់កើតមានដែរ ។
ជាការកត់សម្គាល់ស្នងការដ្ឋាននគរបាលខេត្តបាតដំបង បានអំពាវនាវឲ្យពលរដ្ឋដែលទៅលេងទឹកអូរ ឬទឹកស្ទឹងក្នុងភូមិសាស្រ្តខាងលើ ប្រុងប្រយ័ត្នចំពោះបញ្ហានេះផង។ ក្រៅពីនេះអាជ្ញាធរបានប្រាប់ឲ្យម្ចាស់រមណីយដ្ឋាន និងអាជ្ញាធរមូលដ្ឋានជួយផ្តល់ព័ត៌មាននេះជូនប្រជាពលរដ្ឋ និងភ្ញៀវដែលទៅកំសាន្តបានជ្រាបជាព័ត៌មានផងដែរ។
គួររំឭកថា ថ្មីៗមានរូបភាពដែលភ្ជាប់ដោយខ្លឹមសារក្នុងបណ្តាញសង្គមជាច្រើនត្រូវបានគេបន្តចែកចាយព្រោងព្រាត ដោយអះអាងថានៅស្រុកសំឡូតមានករណីសត្វខាំអស់សាច់ទាំងដុំ មិនដឹងមុខ នៅពេលអ្នកដើរកម្សាន្ត ចុះលេងទឹកស្ទឹង ឬអូរ ដែលបង្កជាការព្រួយបារម្ភ ភ័យខ្លាច ព្រមទាំងមានការជជែកវែកញែកជាបន្តបន្ទាប់អំពីមូលហេតុនៃករណីខាងលើ។ យ៉ាងណាការងឿងឆ្ងល់ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងបកស្រាយថា ជាករណីត្រីក្រពតខាំ៕