ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះ ប្រទេសប្រេស៊ីលបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាលើកដំបូង ដែលត្រូវបានគេរកឃើញក្នុងចំណោមប្រជាជនយ៉ាណូម៉ាមី (Yanomami) ដែលក្រុមនេះរស់នៅតាមបណ្ដោយព្រំប្រទល់ប្រទេសប្រេស៊ីល និងវេណេហ៊្សុយអេឡា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ករណីដំបូង ដែលកើតលើជនជាតិយ៉ាណូម៉ាមីនេះ ជាក្មេងប្រុសអាយុ ១៥ឆ្នាំ ដែលរូបគេទើបបានត្រលប់មកស្រុកកំណើតវិញ បន្ទាប់ពីសាលារៀនរបស់គេបានបិទដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសប្រេស៊ីល។ ហើយក្មេងប្រុសរូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីថ្ងៃទី ០៣ ខែមេសា កន្លងទៅ បន្ទាប់ពីមានអាការៈដូចជា ថប់ដង្ហើម ឈឺទ្រូង ឈឺបំពង់ក និងគ្រុនក្ដៅ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះមានសមាជិកក្នុងកុលសម្ព័នយ៉ាងហោចណាស់ ៧នាក់ដែលបានឆ្លងវីរុសដ៏សាហាវនេះ ហើយការឆ្លងរបស់ពួកគេ បានបង្កឲ្យមានការភ័យខ្លាច ដែលអាចបណ្ដាលឲ្យសហគមន៍ជនជាតិដើមរបស់ប្រទេសប្រេស៊ីលប្រឈមនឹងវិបត្ដិដែលពុំធ្លាប់មានពីមុន។ ហើយអី្វដែលកាន់តែបារម្ភទៀតនោះ គឺមនុស្សវ័យចាស់ដែលងាយនឹងរងគ្រោះបំផុត ដែលការស្លាប់របស់ពួកគេ គឺប្រៀបបាននឹងការបំផ្លាញធនធានដ៏មានតម្លៃ និងឋានានុក្រមនៅក្នុងកុលសម្ព័ននេះយ៉ាងដូច្នោះដែរ។

សូមជម្រាបថា បើទោះបីជាករណីឆ្លងរបស់ក្រុមកុលសម្ព័ននៅមានចំនួនទាបក៏ពិតមែន ប៉ុន្ដែបើនិយាយពីករណីឆ្លងសរុបនៅក្នុងប្រទេសប្រេស៊ីលទាំងមូលវិញ បានកើនដល់ ១៩,៩២២នាក់ហើយ ខណៈមនុស្សចំនួន ១,០៨៦នាក់បានស្លាប់៕ នេះបើយោងតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកនេះ៕