អ៊ីតាលី៖ ខណៈពេលប្រទេសអ៊ីតាលីបានឈានចូលសប្ដាហ៍ទី ៦ នៃការរឹតត្បិតរបស់ខ្លួន មនុស្សជាច្រើនកំពុងចោទជាសំណួរថា មូលហេតុអ្វីបានជាអត្រាមរណៈនៅក្នុងប្រទេសនេះមានការកើនឡើងខ្ពស់ជាងប្រទេសដទៃទៀត? មានមូលហេតុធំៗចំនួន ៣ ដែលគេជឿថា វាជាកត្តាដែលបណ្ដាលឲ្យប្រទេសអ៊ីតាលី ឈានមកដល់ដំណាក់កាលមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីមួយគឺដោយសារចំនួនករណីឆ្លងមិនច្បាស់លាស់។ លោកវេជ្ជបណ្ឌិត Massimo Galli ប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យ Sacco ក្នុងទីក្រុង Milan បាននិយាយថា៖ «ចំនួនករណីដែលបានបញ្ជាក់ នៅក្នុងប្រទេសអ៊ីតាលី មិនអាចក្ដោបចំនួនករណីឆ្លងទាំងអស់នោះទេ។ តួលេខពិតប្រាកដគឺច្រើនជាងនេះ»។ លោកបានបន្ថែមថា អ្នកដែលស្ថិតនៅក្នុងករណីធ្ងន់ធ្ងរ ទើបត្រូវបានគេធ្វើតេស្ដ ហើយមិនបានធ្វើសម្រាប់ប្រជាជនទាំងអស់នោះដែរ។ បន្ថែមពីនេះ ឧបសគ្គធំសម្រាប់បុគ្គលិកសុខាភិបាលដែលធ្វើតេស្ដ គឺកង្វះឧបករណ៍ការពារ និងមានចំនួនកំណត់។
ទីពីរគឺដោយសារចំនួនមនុស្សចាស់។ អត្រាមរណៈហាក់ដូចជាកើតឡើងខ្ពស់ ចំពោះប្រជាជនវ័យចំណាស់របស់ប្រទេសអ៊ីតាលី ដែលមានចំនួនមនុស្សចាស់ច្រើនជាងគេ នៅលើពិភពលោក នៅពីក្រោយប្រទេសជប៉ុន។ អ្នកជំងឺក្នុងវ័យនេះគឺស្ថិតនៅក្រោមស្ថានភាព ដែលងាយនឹងរងគ្រោះដោយសារតែវីរុសឆ្លង ដូចជាវីរុសកូរ៉ូណាជាដើម។
ចុងក្រោយគឺដោយសារតែកម្រិតនៃការរឹតត្បិត។ អ្នកជំនាញមួយចំនួនបានចោទជាសំណួរថាតើ ការរឹតត្បិតរបស់ប្រទេសអ៊ីតាលីមានលក្ខណៈគ្រប់គ្រាន់ ដែលអាចទប់ស្កាត់ការរីករាលដាលវីរុសឆ្លងនេះហើយឬនៅ? ទីក្រុងវូហានរបស់ប្រទេសចិនគឺជាតំបន់ដំបូងគេបង្អស់ ដែលដាក់បំរាមហាមឃាត់ការចេញចូល ទៅលើពលរដ្ឋចំនួន ១១ លាននាក់របស់ខ្លួន កាលពីខែមករា ដោយរាល់ជើងហោះហើរ រថភ្លើង និងឡានក្រុងទាំងអស់ត្រូវបានលុបចោល ហើយផ្លូវចេញចូលត្រូវបានបិទ។
ឥឡូវនេះ ប្រជាជនអ៊ីតាលីប្រឈមនឹងការផាកពិន័យរហូតដល់ ៣,៣៥០ ដុល្លារ ចំពោះការមិនគោរពតាមបញ្ជារបស់រដ្ឋាភិបាល។ ប៉ុន្ដែលោកដុកទ័រ Giorgio Palu អតីតប្រធានសហគមន៍អឺរ៉ុបបានឲ្យដឹងថា៖ «វិធានការរបស់អ៊ីតាលីគឺមិនមានលក្ខណៈខ្លាំងក្លាឬតឹងរឹង ដូចជាប្រទេសចិនទេ»។ លោកបានបន្ថែមថា៖ «ប៉ុន្ដែចំពោះប្រទេសប្រជាធិបតេយ្យ ការធ្វើបានប៉ុណ្ណេះគឺល្អហើយ»៕