អាមេរិក៖ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងវីរុសប្រភេទថ្មីកូវីដ-១៩ សរុប យ៉ាងហោចណាស់ចំនួន ១០១,២៤២ នាក់ និងស្លាប់ចំនួន ១,៥៨៨ នាក់។ នេះបើយោងទៅតាមរបាយការណ៍បូកសរុបរបស់ប៉ុស្ដិ៍ទូរទស្សន៍អន្ដរជាតិ CNN ដែលរាយការណ៍ដោយ មន្ត្រីសុខាភិបាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបានវ៉ាដាច់ប្រទេសអុីតាលី និងប្រទេសចិនដែលជាចំណុចផ្ទុះឡើងដំបូង តាំងពីចុងឆ្នាំ ២០១៩ មក។ វីរុសនេះ បានវាយលុកចូលទីក្រុង New York និង Washington ខ្លាំងជាងគេ ខណៈទីក្រុង Chicago, Detroit និង New Orleans កំពុងកើនឡើងករណីឆ្លងជាលំដាប់ ស្របពេលដែលមន្រ្តីនៅទីនោះ និងទីក្រុងដទៃទៀត បាននិយាយថា ពួកគេមិនមានធនធានវេជ្ជសាស្ត្រគ្រប់គ្រាន់ឡើយ។
តួយ៉ាង បើយោងតាមការស្ទង់មតិមួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា អភិបាលក្រុងមកពី ២១៣ ក្រុងទូទាំងប្រទេសបានត្អូញត្អែរពីកង្វះខាតនៃសម្ភារវេជ្ជសាស្ត្រ និងវិធីសាស្រ្ដ ដើម្បីត្រៀមទប់ទល់នឹងករីណឆ្លងដំបូង។
គួរឲ្យដឹងដែរថា មន្ទីរពេទ្យនៅទីក្រុង Chicago និង New Orleans កំពុងត្រៀមរៀបចំទទួលព្យាបាលអ្នកឆ្លងវីរុស ខណៈមជ្ឈមណ្ឌលសន្និបាតនៅក្នុងទីក្រុង ក៏នឹងក្លាយទៅជាកន្លែងទទួលព្យាបាលអ្នកឆ្លងវីរុសរាប់ពាន់នាក់ដូចទៅនឹងទីក្រុង New York ផងដែរ៕