រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅព្រឹកថ្ងៃ ១៨ មីនានេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងសុខាភិបាលមិនមានការទាមទារយកលុយពីសាធារណជន ពេលមកពិនិត្យរកវីរុស COVID-19ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបញ្ជាក់ជាថ្មីរបស់ក្រសួងសុខាភិបាលយ៉ាងដូច្នេះ ធ្វើឡើយបន្ទាប់ពីលោកស្រីបញ្ជាក់ថា មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននាំគ្នាបង្ហោះ និងចែកចាញថា៖ «ធ្វើតេស្តរក COVID-19 បើពិនិត្យឃើញវិជ្ជមាន(ផ្ទុកជំងឺ) គឺមិនអស់លុយទេ តែបើពិនិត្យឃើញអវិជ្ជមាន(មិនផ្ទុកជំងឺ) គឺអស់លុយ»។
លោកស្រីបន្តថា៖ «រឿងដែលថា ក្រសួងយកលុយពេលមកធ្វើតេស្តនោះ គឺជាការវាយប្រហារវិស័យសុខាភិបាលហើយ។ កន្លងមកយើងបានធ្វើតេស្តលើពលរដ្ឋ ១១១២ករណីហើយ ទាំងនោះរួមបញ្ចូលទាំងអ្នកផ្ទុកទាំង៣៥នាក់ ដោយមិនបានទាមទារយកលុយពីអ្នកទាំងនោះឡើយ ពោលគឺរដ្ឋជាអ្នកចេញលុយបន្ទុកទាំងអស់»។
រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា៖ «បើសាធារណជនសង្ស័យថាខ្លួនមាន COVID-19 សូមទាក់ទងរកការពិនិត្យពីមន្ត្រីជំនាញ និងមន្ទីរសុខាភិបាល ហើយការពិនិត្យរកវីរុសនេះ មិនមានការយកលុយទេ។ មួយទៀត បើថ្ងៃនេះយើងមិនមាន COVID-19 តែស្អែកអាចមាន បើយើងមិនបានការពារខ្លួន។»
សូមបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនាព្រឹកថ្ងៃពុធ ទី១៨ ខែមីនា នេះ បានអះអាងពីលទ្ធផលតេស្តវិជ្ជមានបុរសជនជាតិម៉ាឡេស៊ី២នាក់បន្ថែមទៀត ដែលត្រូវបានដាក់ក្រោមវិធានចត្តាឡីស័កនៅព្រះវិហារឥស្លាមមួយក្នុងខេត្តកែប។ បុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួនបន្ថែមលើម៉ាឡេស៊ី៣នាក់ទៀតនៅខេត្តកែបដដែល ដែលត្រូវបានប្រកាសវិជ្ជមាន កាលពីយប់ថ្ងៃទី១៧ ខែមីនា។ សរុបអ្នកឆ្លង COVID-19 នៅកម្ពុជា មាន៣៥នាក់ហើយ មកដល់ពេលនេះ។
អ្នកឆ្លងទាំងនោះមាន ៩ករណីនៅភ្នំពេញ ៥ករណីនៅកែប ៤ករណីនៅបាត់ដំបង ៣ករណីនៅកំពង់ចាម ៣ករណីនៅកំពង់ឆ្នាំង ២ករណីបន្ទាយមានជ័យ ២ករណីនៅត្បូងឃ្មុំ ២ករណីនៅព្រះវិហារ ២ករណីនៅសៀមរាប ១ករណីនៅកំពត ១ករណីនៅកោះកុង និង១ករណីនៅខេត្តព្រះសីហនុ។
ជាការកត់សម្គាល់ ក្នុងចំណោមនោះ ជនជាតិខ្មែរមាន២២នាក់ ម៉ាឡេស៊ី៥នាក់ អង់គ្លេស៣នាក់ បារាំង២នាក់ កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិន១នាក់ ដែលជាករណីដំបូង ហើយសះស្បើយ៕